ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិក លើកឡើងថា កូរ៉េខាងជើង អាចនឹងធ្វើតេស្តមីស៊ីលជាថ្មីម្តងទៀត នៅពេលណាមួយក៏បាន

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា តំណាងពិសេស របស់សហរដ្ឋអាមេរិក ប្រចាំប្រទេសកូរ៉េខាងជើង បានលើកឡើងកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង អាចធ្វើការសាកល្បងនុយក្លេអ៊ែរ លើកទី៧ នៅពេលណាក៏បាន ហើយមិនបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការងាកទៅរកការចរចារវិញនោះទេ ។

លោក Sung Kim បានប្រាប់ដល់អ្នកយកព័ត៌មានថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង ចំនួនមិនធ្លាប់មានពីមុនមក ក្នុងឆ្នាំនេះ ហើយមន្ត្រីរបស់ខ្លួន ក៏បានប្រើវោហាសាស្ត្រដែលអាចស្នើផែនការ សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រផងដែរ ។

លោក Kim បានរំលឹកឡើងវិញនូវការវាយតម្លៃ របស់សហរដ្ឋអាមេរិកថា កូរ៉េខាងជើង កំពុងរៀបចំធ្វើតេស្ត នុយក្លេអ៊ែរលើកទី៧ ។

នៅពេលសួរ ថាតើ វាអាចកើតឡើង នៅពេលណា គាត់បានប្រាប់ថា “ខ្ញុំមិនមានអ្វីទៀតទេ ។ ពួកគេច្បាស់ជាបានរៀបចំរួចរាល់ហើយ… ហើយការដឹងរបស់ខ្ញុំ គឺពួកគេអាចសាកល្បងបានគ្រប់ពេល” ។

លោក Kim បានកត់សម្គាល់ថា នៅថ្ងៃទី៥ ខែមិថុនា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង ចំនួន៨គ្រាប់ ពីផ្នែកផ្សេងៗនៃប្រទេស ដែលជាការបាញ់បង្ហោះច្រើនបំផុត មិនធ្លាប់មាន ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ។

លោក Kim បានលើកឡើងថា “ឥឡូវនេះកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលផ្លោង ចំនួន៣១គ្រាប់ ក្នុងឆ្នាំ២០២២នេះ ដែលជាមីស៊ីលផ្លោងបំផុត ដែលខ្លួនធ្លាប់បានបាញ់ ក្នុងរយៈពេលតែមួយឆ្នាំ លើសពីកំណត់ត្រាមុន២៥គ្រាប់ ក្នុងឆ្នាំ២០១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top