ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក ព្រមានប្រទេស នៅជុំវិញពិភពលោក ប្រឈមនឹងវិបត្តិសេដ្ឋកិច្ច

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា ធនាគារពិភពលោកបានព្រមានថា ប្រទេសនានាជុំវិញពិភពលោក កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ខណៈដែលសង្គ្រាមអ៊ុយក្រែន វាយប្រហារសេដ្ឋកិច្ច ដែលជាប់គាំងដោយជំងឺឆ្លងរាតត្បាតកូវីដ-១៩ ។

ប្រទេសដែលមានការអភិវឌ្ឍតិចនៅទ្វីបអឺរ៉ុប និងអាស៊ីខាងកើតប្រឈមមុខនឹង “វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ” ។

លោក David Malpass នាយកធនាគារពិភពលោក បានលើកឡើងថា ហានិភ័យនៃអតិផរណាខ្ពស់ និងកំណើនទាប ដែលហៅថា “ការជាប់គាំង” ក៏មានកម្រិតខ្ពស់ផងដែរ ។

វិក័យប័ត្រប្រើប្រាស់ថាមពល និងអាហារកំពុងកើនឡើង នៅជុំវិញពិភពលោក ។

លោក Malpass បានលើកឡើងថា “សង្រ្គាមនៅអ៊ុយក្រែន ការជាប់គាំងនៅក្នុងប្រទេសចិន ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងហានិភ័យនៃការជាប់គាំង កំពុងរារាំងដល់កំណើន ។ សម្រាប់ប្រទេសជាច្រើន វិបត្តិសេដ្ឋកិច្ចនឹងពិបាក ក្នុងការជៀសវាងណាស់” ។

លោកក៏បានព្រមាននៅក្នុងរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចសកល របស់ធនាគារពិភពលោក សម្រាប់ខែមិថុនាថា គ្រោះថ្នាក់នៃការជាប់គាំងគឺ “គួរឱ្យកត់សម្គាល់” ។

គួររំលឹកថា កាលពីថ្ងៃអង្គារ ធនាគារពិភពលោកបានអនុម័តថវិកា បន្ថែមចំនួន១,៤៩ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលខ្លួនបានលើកឡើងថា “នឹងត្រូវបានប្រើដើម្បីទូទាត់ប្រាក់ឈ្នួល សម្រាប់រដ្ឋាភិបាល និងបុគ្គលិកសង្គមកិច្ច” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top