បរទេស ៖ តុលាការអាមេរិក កាលពីថ្ងៃចន្ទបានចេញដីកា រឹបអូសយន្តហោះប្រណីត ចំនួន២គ្រឿង ដែលជាកម្មសិទ្ធិ របស់មហាសេដ្ឋីរុស្ស៊ី គឺលោក Roman Abramovich ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌អាមេរិក គឺ ចំណាត់ការនេះ គឺជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មថ្មីៗ ដែលចេញប្រឆាំងនឹងរុស្ស៊ី ជុំវិញជម្លោះនៅអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមអាជ្ញាធរថា យន្តហោះដែលផលិតដោយអាមេរិក បានហោះហើរចូល ហោះចេញពីប្រទេសរុស្ស៊ី ដោយមិនទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងពាណិជ្ជកម្ម អាមេរិក ។ យន្តហោះ និងគ្រឿងបន្លាស់យន្តហោះ ត្រូវស្ថិតនៅក្រោមច្បាប់ នាំចេញ ដោយសារតែការប្រើប្រាស់យោធា ដ៏មានសក្តានុពល និងផល ប៉ះពាល់សន្តិសុខជាតិ។
យន្តហោះទាំង២គ្រឿងនោះ គឺមួយប្រភេទ Boeing 787 Dreamliner តម្លៃ ៣៥០លានដុល្លារ និង មួយទៀតប្រភេទ Gulfstream G650 ER តម្លៃ ៦០លានដុល្លារ ។ របាយការណ៍បាននិយាយថា “យន្តហោះ Boeing បានហោះហើរទៅកាន់ប្រទេស រុស្ស៊ីនៅថ្ងៃទី 4 ខែមីនា ឆ្នាំ 2022 ដោយគ្មានអាជ្ញា ប័ណ្ណ BIS ហើយឥឡូវនេះស្ថិតនៅក្នុងប្រទេសអារ៉ាប់រួម” ដោយបន្ថែមថា ចំណែកយន្តហោះ “Gulfstream បានហោះហើរ ទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី 12 និង 15 ខែមីនា ឆ្នាំ 2022 ដោយគ្មាន អាជ្ញាប័ណ្ណ BIS ហើយនៅតែស្ថិតក្នុងប្រទេសរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា