ព័ត៌មានអន្តរជាតិ

កាណាដា ដាក់ទណ្ឌកម្មថ្មី លើឧស្សាហកម្មប្រេង ឧស្ម័ន និងគីមីរបស់រុស្ស៊ី

អូតាវ៉ា៖ រដ្ឋមន្ត្រីការបរទេស កាណាដា លោកស្រី Melanie Joly បានប្រកាស កាលពីថ្ងៃពុធថា ប្រទេសកាណាដា កំពុងដាក់ទណ្ឌកម្មថ្មី លើឧស្សាហកម្មប្រេង ឧស្ម័ន និងគីមីរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានថា វិធានការថ្មីទាំងនេះ កំពុងដាក់បម្រាមលើការនាំចេញ សេវាកម្មចំនួន ២៨សំខាន់ៗ សម្រាប់ប្រតិបត្តិការ នៃឧស្សាហកម្មប្រេង ឧស្ម័ន និងគីមី រួមទាំងសេវាកម្មបច្ចេកទេស ការគ្រប់គ្រង គណនេយ្យ និង សេវាកម្មផ្សាយពាណិជ្ជកម្ម។

លោកស្រីបានបន្ដថា ការហាមឃាត់ការនាំចេញប្រេង ឧស្ម័ន និងសេវាកម្មគីមី កំពុងកំណត់គោលដៅលើឧស្សាហកម្មមួយដែលមានប្រហែល ៥០ភាគរយនៃប្រាក់ចំណូលថវិកា សហព័ន្ធរបស់ប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំនេះ កាណាដា បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាង ១០៧០មកពី និងក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងបេឡារុស្ស៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top