ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​ស៊ីរី​ ចោទ​អាមេរិក​ថា​ បាន​ប្រើ​ប្រាក់​ដុល្លារ​ ដើម្បី​ប្រព្រឹត្ត​អំពើ​ប្លន់​ជា​សាកល

ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដើម្បីប្រព្រឹត្តអំពើប្លន់ជាសកល។

នៅក្នុងបទសម្ភាសន៍ជាមួយ Russia Today ដែលខ្លឹមសារត្រូវបានចេញផ្សាយ ដោយសារព័ត៌មាន SANA លោក Assad បានលើកឡើងថា ប្រសិនបើប្រាក់ដុល្លារ នៅតែបន្តគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក “គ្មានអ្វីនឹងផ្លាស់ប្តូរនោះទេ” ។

លោក Assad បានលើកឡើងនៅពេលនិយាយ អំពីរបៀបដែលសហរដ្ឋអាមេរិក ប្រើប្រាស់ប្រាក់ដុល្លារ ដើម្បីគ្រប់គ្រងពិភពលោក និងដាក់ទណ្ឌកម្មថា “ការប្រើប្រាស់ប្រាក់ដុល្លារមិនមែន ជាការបង្ខូចកេរ្តិ៍ឈ្មោះនោះទេ វាគឺជាការប្លន់” ។

លោក Assad បាន​លើកឡើងថា ដោយសារ​សេដ្ឋកិច្ច​ស្ថិត​នៅ​ក្រោម ​សេចក្តី​មេត្តា​ករុណា​របស់​សហរដ្ឋ​អាមេរិក “ដរាបណាប្រាក់ដុល្លារជារូបិយប័ណ្ណសកល ហើយបន្តទូទាត់តាមរយៈធនាគារ សហរដ្ឋអាមេរិក ឬអ្វីដែលគេហៅថា ធនាគារកណ្តាលអាមេរិក អ្នកស្ថិតនៅក្រោមអំណាចនៃប្រាក់ដុល្លារនេះ ដូច្នេះហើយអនាគតរបស់អ្នក ក្នុងនាមរដ្ឋ ប្រទេសមួយ ឬសង្គមមួយ។  

ក្រៅពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លោក Assad ក៏បាននិយាយអំពីអណ្តូងប្រេង ដែលកាន់កាប់ដោយកងជីវពលឃឺដ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅភាគខាងជើង និងភាគឦសាននៃប្រទេសស៊ីរី ដោយបញ្ជាក់យ៉ាងច្បាស់ថា នៅទីបំផុតស៊ីរី នឹងដណ្តើមយកធនធានរបស់ខ្លួនមកវិញ។

ប្រធានាធិបតីស៊ីរី ក៏បានថ្កោលទោសការគំរាមកំហែង របស់ប្រទេសតួកគី ក្នុងការបង្កើតតំបន់សុវត្ថិភាព នៅភាគខាងជើង ប្រទេសស៊ីរី និងវត្តមានរបស់សហរដ្ឋអាមេរិក នៅភាគខាងកើតប្រទេសស៊ីរី ដោយប្តេជ្ញាថារដ្ឋបាលរបស់លោក នឹងមិនស្ទាក់ស្ទើរក្នុងការការពារអធិបតេយ្យភាព របស់ប្រទេសស៊ីរីឡើយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top