ព័ត៌មានអន្តរជាតិ

ជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចរុញច្រានមនុស្សចន្លោះពី ១១ទៅ១៩លាននាក់ ឱ្យធ្លាក់ក្នុងភាពអត់ឃ្លាន ទូទាំងពិភពលោក

ហ្សឺណែវ៖ អង្គការស្បៀងអាហារ និងកសិកម្ម (FAO) នៃអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រថា ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងសំខាន់ ទៅលើទីផ្សារស្បៀងអាហារពិភពលោក ហើយអាចបណ្តាលឱ្យមនុស្សពី ១១ ទៅ ១៩លាននាក់ បន្ថែមនូវភាពអត់ឃ្លានរ៉ាំរ៉ៃ។

អ្នកនាំពាក្យរបស់ FAO លោក Boubaker Ben Belhassen បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសទាំងពីរ ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន គឺជាអ្នកផលិតទំនិញកសិកម្មសំខាន់ៗ នៅក្នុងពិភពលោក ជាមួយនឹងចំណែករួមគ្នាប្រហែល ៣០ភាគរយ នៃការនាំចេញស្រូវសាលីពិភពលោក។

លោកបានបន្តថា ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយជម្លោះគឺនៅក្នុងតំបន់អាហ្វ្រិកខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើង ពីរបាយការណ៍ទស្សនវិស័យ ម្ហូបអាហារចុងក្រោយរបស់ FAO ដែលចង្អុលទៅការរឹតបន្តឹងទីផ្សារ ទំនិញម្ហូបអាហារនៅឆ្នាំ២០២២ ដោយសារតែ “ការកើនឡើងនៃតម្លៃធាតុចូល ការព្រួយបារម្ភអំពីអាកាសធាតុ និងការកើនឡើងនៃភាពមិនច្បាស់លាស់នៃទីផ្សារ”។

លោកបានបន្តថា តម្លៃអាហារអន្តរជាតិកាន់តែខ្ពស់ ត្រូវបានគេព្យាករថា នឹងបង្កើនវិក្កយបត្រនាំចូលអាហារពិភពលោក ដល់កម្រិតខ្ពស់បំផុតចំនួន ១,៨ពាន់ពាន់លានដុល្លារ នៅឆ្នាំ២០២២ ។

លោកបានបន្ថែមថា “តម្លៃនាំចូលខ្ពស់ ភាគច្រើនឆ្លុះបញ្ចាំងពីតម្លៃឯកតាខ្ពស់ជាង ជាជាងបរិមាណខ្ពស់ ជាមួយនឹងប្រទេសជាច្រើន ជាពិសេសប្រទេសដែល ងាយរងគ្រោះផ្នែកសេដ្ឋកិច្ច កំណត់ប្រឈមមុខនឹងតម្លៃខ្ពស់ ខណៈពេលដែលការនាំចូល បរិមាណតូចជាង” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top