សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងជើង បានរាយការណ៍ពីការផ្ទុះឡើង នៃជំងឺរាតត្បាតក្រពះពោះវៀន ដែលមិនស្គាល់អត្តសញ្ញាណ នៅថ្ងៃព្រហស្បតិ៍នេះ ដែលអាចបន្ថែមភាពតានតឹង លើប្រព័ន្ធថែទាំសុខភាពរបស់ ប្រទេសឯកោមួយនេះដែលកំពុង ប្រយុទ្ធនឹងរលកនៃជំងឺកូវីដ-១៩ ដែលមិនធ្លាប់មានពីមុនមក ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ហៅកាត់ថា KCNA បានផ្សព្វផ្សាយថា កាលពីថ្ងៃពុធ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជូនថ្នាំទៅកាន់ទីក្រុងកំពង់ផែ Haeju ដែលស្ថិតនៅភាគខាងលិច ដើម្បីជួយអ្នកជំងឺដែលទទួលរងពី “ជំងឺរាតត្បាតធ្ងន់ធ្ងរ” ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
ទីភ្នាក់ងារខាងលើមិនបានរាយការណ៍ ពីចំនួនអ្នកដែលទទួលរងផលប៉ះពាល់ ឬបញ្ជាក់លម្អិតពីអ្វីដែលជាជំងឺនោះទេ ប៉ុន្តែ ការរកឃើញគឺ សំដៅទៅលើជំងឺក្រពះពោះវៀន ។
ទីភ្នាក់ងារ KCNA បានឲ្យដឹងថា “លោក គីម បានសង្កត់ធ្ងន់លើតម្រូវការក្នុងការ ទប់ស្កាត់ការរីករាលដាល នៅកាលបរិច្ឆេទដំបូងបំផុត ដែលអាចធ្វើទៅបានដោយចាត់វិធានការ យ៉ាងល្អិតល្អន់ដើម្បីដាក់ឱ្យ នៅដាច់ពីគេនូវករណីសង្ស័យ ដើម្បីទប់ស្កាត់ការរីករាលដាល របស់ជំងឺនេះឱ្យបានហ្មត់ចត់ ដោយបញ្ជាក់ពីករណីតាមរយៈ ការពិនិត្យរោគរាតត្បាត និងការធ្វើតេស្តវិទ្យាសាស្ត្រ” ។
ការរាតត្បាតដែលបានរាយការណ៍មកនេះ គឺបានកើតឡើងនៅគ្រាដែលកូរ៉េខាងជើង ដោះស្រាយការផ្ទុះឡើងដំបូង នៃការឆ្លងមេរោគកូវីដ-១៩។ ប្រទេសនេះបានប្រកាសភាពអាសន្នកាលពីខែមុន ចំពេលមានការព្រួយបារម្ភអំពីកង្វះវ៉ាក់សាំង និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា