ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអាមេរិក ថ្លែងថា អាមេរិក កំពុងផ្តល់កញ្ចប់ជំនួយបន្ថែម ចំនួន១ពាន់លានដុល្លារ ដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរបស់លោក កំពុងផ្តល់កញ្ចប់ជំនួយសន្តិសុខ បន្ថែមដល់ប្រទេសអ៊ុយក្រែន ដែលមានទឹកប្រាក់ចំនួន១ពាន់លានដុល្លារ សហរដ្ឋអាមេរិក ព្រមទាំងជំនួយមនុស្សធម៌ ចំនួន២២៥លានដុល្លារផងដែរ ។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមានបានដាក់ថា លោក បៃដិន បានជូនដំណឹងដល់សមភាគីអ៊ុយក្រែនរបស់គាត់គឺលោក Volodymyr Zelensky អំពីការសម្រេចចិត្ត ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា ជំនួយសន្តិសុខ នឹងបូករួមបញ្ចូលទាំង “កាំភ្លើងធំបន្ថែម និងអាវុធការពារឆ្នេរសមុទ្រ ព្រមទាំងគ្រាប់រំសេវ សម្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ុក្កែតទំនើបដែលអ៊ុយក្រែនត្រូវការ។ ដើម្បីគាំទ្រប្រតិបត្តិការការពាររបស់ពួកគេ” នៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ។

លោក បៃដិន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា ជំនួយមនុស្សធម៌នឹង “ជួយប្រជាជនក្នុងប្រទេសអ៊ុយក្រែន រួមទាំងដោយការផ្គត់ផ្គង់ទឹកស្អាត ការផ្គត់ផ្គង់វេជ្ជសាស្ត្រ និងការថែទាំសុខភាពសំខាន់ៗ អាហារ ទីជម្រក និងសាច់ប្រាក់សម្រាប់គ្រួសារដើម្បីទិញរបស់របរសំខាន់ៗ” ។

ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានកោះប្រជុំប្រទេសជាង៤៥នៅទីក្រុងប៊្រុចស៊ែល ដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែន ។ លោក បៃដិន បានថ្លែងថា “យើងក៏បានពិភាក្សាអំពី កិច្ចខិតខំប្រឹងប្រែង របស់ក្រសួងដែលមានលោក Austin នៅទីក្រុង ប្រ៊ុចស៊ែល នៅថ្ងៃនេះ ដើម្បីសម្របសម្រួលការគាំទ្រ អន្តរជាតិ បន្ថែមសម្រាប់កងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top