ព័ត៌មានអន្តរជាតិ

NATO ពិចារណា ចាត់តាំងកងកម្លាំង ទុកជាមុន សម្រាប់សមាជិក នៅក្រុមខាងកើត

ព្រុចសែល ៖ អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា កងកម្លាំង ជាក់លាក់អាច ត្រូវបានចាត់តាំងជាមុនដល់ប្រទេស ជាក់លាក់មួយនៅប៉ែកខាងកើត នៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) ដើម្បីពង្រឹងការរារាំង និងការការពាររបស់សម្ព័ន្ធភាព ដើម្បីឆ្លើយតបទៅនឹងជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។

លោកបានលើកឡើងថា កងកម្លាំងនឹងមិន ឈរជើងជាអចិន្ត្រៃយ៍ ក្នុងប្រទេសដែលពួកគេត្រូវ បានចាត់តាំងនោះទេ ប៉ុន្តែនឹងហ្វឹកហាត់នៅទីនោះជាប្រចាំ ដើម្បីស្គាល់តំបន់ និងបង្កើនអន្តរប្រតិបត្តិការ ជាមួយកងកម្លាំងការពារជាតិ។ ពួកគេក៏នឹងត្រូវបានចាត់ចែង កិច្ចការជាក់លាក់ផងដែរ។

កងកម្លាំងដែលត្រូវបានចាត់តាំង ជាមុននឹងជាផ្នែកមួយនៃវិធានការ ជាបន្តបន្ទាប់ ដែលមានគោលបំណង ពង្រឹងវត្តមាន សមត្ថភាព និងការត្រៀមខ្លួននៅលើផ្នែកខាងកើត របស់អង្គការណាតូ ។

លោក Stoltenberg បានបន្ដថា ទាំងនេះរួមមានការកើនឡើងនូវវត្តមាន អចិន្ត្រៃយ៍នៃកងទ័ព និងទីបញ្ជាការ ក៏ដូចជាឧបករណ៍ត្រៀមទុកជាមុន និងឃ្លាំងអាវុធនៅលើកំពូល នៃកងកម្លាំងដែលបានចាត់តាំងជាមុន ។ ការការពារដែនអាកាស សមុទ្រ និងអ៊ីនធឺណិតក៏នឹងត្រូវបានពង្រឹងផងដែរ។

អង្គការ NATO បាននិងកំពុងបង្កើន វត្តមានរបស់ខ្លួននៅលើផ្នែកខាងកើតរបស់ខ្លួន ចាប់តាំងពីមុនពេលជម្លោះរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើង។ យោងតាមសេចក្តីប្រកាសព័ត៌មាន មួយបានឱ្យដឹងថា “ចំនួនក្រុមសមរភូមិរបស់ណាតូ បានកើនឡើងទ្វេដងដល់ចំនួន ៨ ហើយកងទ័ពមានជាង ៤០០០០ នាក់ឥឡូវនេះស្ថិតនៅក្រោមការបញ្ជា ផ្ទាល់របស់ណាតូ” ។

វិធានការថ្មី គឺស្ថិតនៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ របស់អង្គការណាតូកាលពីថ្ងៃពុធ ដែលរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov គ្រោងនឹងធ្វើបច្ចុប្បន្នភាពសមភាគីរបស់លោក អំពីអ្វី ដែលអ៊ុយក្រែនត្រូវការជាបន្ទាន់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top