ព័ត៌មានអន្តរជាតិ

លោកស៊ី ជីនពីង និងលោក ពូទីន យល់ព្រមរួមគ្នា ប្រឆាំងនឹងសណ្តាប់ធ្នាប់ ពិភពលោកដែលដឹកនាំ ដោយសហរដ្ឋអាមេរិក

ប៉េកាំង ៖ ក្រសួងការបរទេសបាននិយាយ កាលពីថ្ងៃពុធថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានយល់ព្រមធ្វើការរួមគ្នា ដើម្បីប្រឆាំងនឹងសណ្តាប់ធ្នាប់អន្តរជាតិ ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុប ប្រជាធិបតេយ្យ។

ក្នុងអំឡុងពេលកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយលោក ពូទីន លោក ស៊ី បានលើកឡើងថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូគួរតែរួមដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍន៍ នៃសណ្តាប់ធ្នាប់អន្តរជាតិ “ត្រឹមត្រូវ និងយុត្តិធម៌”។

ចំពេលមានការឈ្លានពានយូរ របស់រុស្ស៊ីមកលើអ៊ុយក្រែន លោក ស៊ី ក៏ត្រូវបានដកស្រង់ ដោយក្រសួងដែលបានប្រាប់លោកពូទីនថា ទីក្រុងប៉េកាំងមានឆន្ទៈបន្តគាំទ្រ ទីក្រុងម៉ូស្គូដើម្បីឱ្យរុស្ស៊ី អាចការពារផល ប្រយោជន៍ស្នូលរបស់ខ្លួនដូចជាអធិបតេយ្យភាព និងសន្តិសុខជាដើម។

ចាប់តាំងពីរុស្ស៊ីបានបើកការវាយប្រហារដ៏ធំមួយ លើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ប្រទេសចិនបានគេចចេញពីការរិះគន់ទីក្រុងមូស្គូ ខណៈដែលប្រឆាំងនឹងការដាក់ទណ្ឌកម្មលើ ប្រទេសដែលដាក់ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប។

ក្រសួងបានឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សា តាមទូរស័ព្ទលើកដំបូងរបស់ពួកគេ ចាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈ លោក ពូទីន បានប្រាប់លោក ស៊ី ថាប្រទេសរុស្ស៊ីប្រឆាំង នឹងការប៉ុនប៉ងណាមួយ របស់មហាអំណាចបរទេសក្នុងការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន រួមទាំងតៃវ៉ាន់ ហុងកុង និងស៊ីនជាំងផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top