ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ថា ប្រទេសលោកខាងលិច ផ្ទុយស្រឡះពីចិន ដែលបង្កើនការ ចែកចាយថាមពល

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃពុធថា ប្រទេសលោកខាងលិចបាន “បាញ់ចំក្បាល” ដោយព្យាយាមកំណត់ការនាំចូល ថាមពលពីតំបន់ប្រេង និងឧស្ម័ននៃស៊ីបេរី ដោយសារតែជម្លោះអ៊ុយក្រែន ដែលផ្ទុយស្រឡះទៅនឹងប្រទេសចិន ដែលបានបង្កើន ការចែកចាយថាមពល ។

សង្រ្គាមនៅអ៊ុយក្រែន និងការប៉ុនប៉ង របស់បស្ចឹមប្រទេស ដើម្បីដាក់រុស្ស៊ីឱ្យនៅឯកោ ជាការដាក់ទណ្ឌកម្ម សម្រាប់ការឈ្លាន ពានបានធ្វើឱ្យតម្លៃ គ្រាប់ធញ្ញជាតិ ប្រេង សម្រាប់ចម្អិនអាហារ ជី និងថាមពលកើនឡើង ខណៈដែលអឺរ៉ុបបានប្តេជ្ញា កាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័ន របស់ប្រទេសរុស្ស៊ី ។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បានលើកឡើងថា ភាពជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ី ជាមួយប្រទេសចិន បានទប់ទល់នឹងការប៉ុនប៉ង របស់បស្ចឹមប្រទេស ដើម្បីសាបព្រួសនូវជម្លោះ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបានបំផ្លាញ ទំនាក់ទំនងរបស់ពួកគេជាមួយក្រុងម៉ូស្គូ ។

លោកស្រី Zakharova បានប្រាប់ដល់អ្នកយកព័ត៌មានថា “ការផ្គត់ផ្គង់ថាមពលកំពុងកើនឡើងជាលំដាប់ ។ ប្រទេសចិន ដឹងពីអ្វីដែលខ្លួនចង់បាន ហើយមិនបាញ់ខ្លួនឯងឡើយ ។ ខណៈដែលនៅភាគខាងលិចនៃទីក្រុងម៉ូស្គូ ពួកគេបាញ់ខ្លួនឯងចំក្បាល” ។

លោកស្រី Zakharova បានបញ្ជាក់ថា “លោកខាងលិចបានញែកខ្លួនចេញពីយើង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top