តូក្យូ៖ ប្រភពការទូតបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមប្រទេសអភិវឌ្ឍន៍ធំៗចំនួន៧ (G7) កំពុងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅប្រទេសអាល្លឺម៉ង់នៅចុងសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការខ្វះខាតស្បៀងអាហារ នៅក្នុងតំបន់ដូចជាអាហ្វ្រិក ដែលពឹងផ្អែកខ្លាំងលើការនាំចូលគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន ខណៈដែលការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន នៅតែបន្ត។
យោងតាមប្រភពបានឱ្យដឹងថា កិច្ចប្រជុំដែលបានរំពឹងទុក នឹងដាក់មូលដ្ឋានគ្រឹះ សម្រាប់កិច្ចប្រជុំកំពូល G-7 រយៈពេលបីថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមិថុនានៅទីក្រុង Schloss Elmau ភាគខាងត្បូង ប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលវិបត្តិស្បៀងអាហារត្រូវបានគេរំពឹងថា នឹងមាននៅលើរបៀបវារៈផងដែរ។
ប្រភពបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi កំពុងពិចារណាចូលរួម កិច្ចពិភាក្សាតាមអ៊ីនធឺណិត ហើយរំពឹងថា នឹងពន្យល់ពីកិច្ចខិតខំប្រឹងប្រែងគាំទ្រ របស់រដ្ឋាភិបាលជប៉ុន ក្នុងការដោះស្រាយបញ្ហាកង្វះស្បៀងអាហារ តាមរយៈអង្គភាពនានាដូចជា កម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ។
យោងតាមប្រភពបានឱ្យដឹងថា លោក Hayashi ក៏នឹងអំពាវនាវឱ្យជៀសវាង ការរឹតបន្តឹងការនាំចេញ ដែលមិនសមហេតុផល និងការស្តុកទុកស្បៀងច្រើនពេក ហើយស្វែងរកជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់ផលិតភាពកសិកម្មរបស់ពួកគេ។
ប្រភពបានឲ្យដឹងទៀតថា រដ្ឋមន្ត្រីត្រូវបានគេរំពឹងថានឹងថ្កោលទោសទីក្រុងមូស្គូ សម្រាប់ការបង្កវិបត្តិស្បៀងអាហារ ពិភពលោកដោយសារតែការលុកលុយរបស់ខ្លួន ហើយថែមទាំងពិភាក្សា អំពីរបៀបដោះស្រាយបញ្ហាសំខាន់ៗ ដូចជាការធានាការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមផ្លូវគោក។
ជាមួយនឹងការវាយប្រហារ ដោយយោធារុស្ស៊ីមកលើអ៊ុយក្រែន តាំងពីចុងខែកុម្ភៈ បង្ហាញសញ្ញានៃការថមថយ ការភ័យខ្លាចនៃការខ្វះខាតស្បៀងអាហារ បាននិងកំពុងកើនឡើងជាពិសេស នៅក្នុងទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា ដែលតំបន់ទាំងពីរពឹងផ្អែកខ្លាំងលើការនាំចូលស្រូវសាលីពីអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា