ព័ត៌មានអន្តរជាតិ

ចិន និងរុស្ស៊ី បើកកិច្ចសន្ទនាពាណិជ្ជកម្ម ដើម្បីស្វែងរកកិច្ច សហប្រតិបត្តិការ កាន់តែជិតស្និទ្ធ

ប៉េកាំង ៖ កិច្ចសន្ទនាធុរកិច្ចរុស្ស៊ី-ចិន បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងកំពង់ផែរុស្ស៊ី នៃទីក្រុង St. Petersburg ក្នុងក្របខ័ណ្ឌនៃវេទិកា សេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី២៥ (SPIEF) ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ី លោក Zhang Hanhui បានឲ្យដឹងនៅក្នុងសារវីដេអូ ដែលដឹកនាំដោយស្មារតី នៃការគោរពគ្នាទៅវិញទៅមក សមភាព និងការស្វែងរកលទ្ធផលឈ្នះ-ឈ្នះ ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតា ដោយចូលរួមកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅបង្កើន បរិមាណពាណិជ្ជកម្មទ្វេភាគីដល់ ២០០ ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំ ២០២៤។

នៅពេលថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍នេះ ប្រធានសហភាពឧស្សាហូបនីយកម្ម និងសហគ្រិនរុស្ស៊ី Alexander Shokhin បានកត់សម្គាល់ថា ទំនិញរបស់ចិន កំពុងទទួលបាន ចំណែកទីផ្សារធំ ជាងនៅក្នុងប្រទេសរុស្ស៊ី ហើយផលិតផល កសិកម្មរុស្ស៊ី ជាច្រើនទៀត ត្រូវបានទទួលយ៉ាងល្អ នៅក្នុងប្រទេសចិន។

តំណាងពាណិជ្ជកម្មរុស្ស៊ី ប្រចាំនៅប្រទេសចិន លោក Alexei Dakhnovsky បានលើកឡើងថា មានការរំពឹងទុកយ៉ាងទូលំទូលាយ សម្រាប់ប្រទេសទាំងពីរ ក្នុងការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើ វិស័យថាមពល ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម។

កិច្ចសន្ទនាធុរកិច្ចរុស្ស៊ី-ចិន ត្រូវបានធ្វើឡើងជាច្រើនដងចាប់តាំងពីឆ្នាំ២០១៨ ក្នុងក្របខ័ណ្ឌនៃ SPIEF និងវេទិកាសេដ្ឋកិច្ចភាគខាងកើតនៅទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី។

ក្រោមប្រធានបទ New Opportunities in a New World SPIEF លើកទី២៥ កំពុងត្រូវបានប្រារព្ធឡើង នៅទីក្រុងធំទីពីររបស់ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍ ។ ចាប់តាំងពីឆ្នាំ១៩៩៧ មក វេទិកានេះបានក្លាយទៅជាវេទិកា ពិភពលោកឈានមុខគេសម្រាប់ សហគមន៍ធុរកិច្ច ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចសំខាន់ៗ ដែលកំពុងប្រឈមមុខ នឹងប្រទេសរុស្ស៊ី ទីផ្សារដែលកំពុងរីកចម្រើន និងពិភពលោក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top