បង់ក្លាដេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ថា ភ្លៀងធ្លាក់ឥតឈប់ឈរក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ បានជន់លិចតំបន់ដ៏ធំទូលាយនៃភាគឦសាននៃប្រទេសបង់ក្លាដេស ដោយកងទ័ពត្រូវបានដាក់ពង្រាយ ដើម្បីជម្លៀសគ្រួសារដែលកាត់ផ្តាច់ចេញពី សហគមន៍ដែលនៅជិតនោះ ។
សាលារៀនត្រូវបានប្រែក្លាយ ទៅជាជម្រកសង្គ្រោះសម្រាប់ផ្ទះភូមិទាំងមូលដែលត្រូវជន់លិច ក្នុងរយៈពេលប៉ុន្មានម៉ោងដោយទឹកទន្លេដែលបានបាក់ច្រាំងទន្លេភ្លាមៗ ។
លោក Lokman ដែលគ្រួសាររបស់គាត់រស់នៅក្នុងភូមិ Companiganj បាននិយាយថា “ភូមិទាំងមូលបានស្ថិតនៅក្រោមទឹកនៅព្រឹកថ្ងៃសុក្រ ហើយយើងទាំងអស់គ្នាបានជាប់គាំងនៅទីនេះ” ។
“បន្ទាប់ពីរង់ចាំពេញ១ថ្ងៃនៅលើដំបូលផ្ទះរបស់យើង អ្នកជិតខាងម្នាក់បានជួយសង្គ្រោះយើងដោយទូកបណ្ដោះអាសន្ន ។ ម្ដាយរបស់ខ្ញុំបាននិយាយថា គាត់មិនដែលឃើញទឹកជំនន់បែបនេះទេក្នុងមួយជីវិតរបស់គាត់” ។
នាង Asma Akter ស្ត្រីម្នាក់ទៀតដែលត្រូវបានគេជួយសង្គ្រោះពីទឹកឡើងបាននិយាយថា គ្រួសាររបស់នាងមិនអាចបរិភោគអាហារអស់រយៈពេលបាន២ថ្ងៃមកហើយ ៕