ព័ត៌មានអន្តរជាតិ

News Update៖ យន្តហោះដឹកអ្នកដំណើរចំនួន១៨៥នាក់ ចុះចតបន្ទាន់ដោយសុវត្ថិភាព នៅភាគខាងកើតប្រទេសឥណ្ឌា ក្រោយមានករណីអគ្គីភ័យឆាបឆេះ ពេលកំពុងហោះហើរ


ឥណ្ឌា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ថា ជើងហោះ ហើរមួយក្នុងទីក្រុង New Delhi ដែលមានអ្នកដំណើរ១៨៥នាក់ បានចុះចតជាបន្ទាន់កាលពីថ្ងៃអាទិត្យនៅទីក្រុង Patna ភាគខាងកើតប្រទេសឥណ្ឌា បន្ទាប់ពីម៉ាស៊ីនខាងឆ្វេងរបស់វាឆេះពេលកំពុងហោះហើរ ។

អ្នកដំណើរនៅលើជើងហោះហើរក្នុងស្រុកដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម SpiceJet ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពនៅគ្រាដែលអ្នកបើកយន្តហោះត្រឡប់ទៅអាកាសយានដ្ឋាន Patna ភ្លាមៗបន្ទាប់ពីហោះឡើង ។

ចៅក្រមស្រុក Chandrashekhar Singh បានប្រាប់ដល់អ្នកយកព័ត៌មានថា “ជើងហោះហើរបានត្រឡប់ទៅ អាកាសយានដ្ឋាន Patna បន្ទាប់ពីអ្នកស្រុក (នៅលើដី) បានកត់សម្គាល់ឃើញមានភ្លើងឆេះ នៅស្លាបខាងឆ្វេង នៃយន្តហោះ ហើយបានជូនដំណឹងដល់មន្ត្រីអាកាសយានដ្ឋាន” ។

លោក Singh ឲ្យដឹងទៀតថា “អ្នកដំណើរទាំងអស់១៨៥នាក់ត្រូវបានចាកចេញដោយសុវត្ថិភាព ។ មូលហេតុនៃអគ្គីភ័យគឺជាបញ្ហាបច្ចេកទេស ។ ក្រុមវិស្វករកំពុងធ្វើការវិភាគ” ។

អ្នកដំណើរម្នាក់បានប្រាប់ដល់អ្នកយកព័ត៌មានថា មានសំឡេងជាច្រើនបាន ឮនៅលើយន្តហោះ ក្នុងរយៈពេល១៥នាទីដំបូងបន្ទាប់ពីការហោះហើរ ។

“អ្នកបើកយន្តហោះបានប្រកាសថា មានបញ្ហាខ្លះ ហើយថាយើងនឹងត្រលប់ទៅ Patna វិញ…. វាពិតជាគួរឱ្យខ្លាចណាស់” ។

ទូរទស្សន៍ក្នុងស្រុក NDTV បានដកស្រង់ប្រភពអាកាសចរណ៍ដែលឲ្យដឹងថា សត្វបក្សី១ក្បាល ដែលបុកម៉ាស៊ីនអាចបង្កឱ្យមានភ្លើងឆេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


To Top