ព័ត៌មានអន្តរជាតិ

កូនស្រីរបស់អតីតប្រធានាធិបតី Duterte ស្បថចូលកាន់មុខតំណែង ជាអនុប្រធានាធិបតីហ្វីលីពីន


ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ថា នាង Sara Duterte-Carpio កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលផុតអាណត្តិបានស្បថ ចូលកាន់តំណែងជាអនុប្រធានាធិបតីទី១៥ របស់ប្រទេសកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យ មានឯកភាពជាតិបន្ទាប់ពីយុទ្ធនាការបោះឆ្នោតបានបែកបាក់គ្នា ។


នាងបានលើកឡើងនៅក្នុងសុន្ទរកថាបើកសម្ពោធនៅទីក្រុង Davao ដែលជាស្រុកកំណើតរបស់នាងថា “ថ្ងៃខាងមុខអាចពោរពេញទៅដោយបញ្ហាប្រឈមដែលអំពាវនាវឱ្យយើងរួបរួមគ្នាជាប្រទេសជាតិ” ។

នាង Duterte-Carpio អាយុ៤៤ឆ្នាំគឺជាមិត្តរួមដំណែងរបស់លោក Ferdinand Marcos Jr ដែលបានឈ្នះនៅក្នុងការបោះឆ្នោតថ្ងៃទី៩ ខែឧសភា ហើយនឹងស្បថចូលកាន់ តំណែងជាប្រធានាធិបតី របស់ប្រទេសនេះនៅថ្ងៃទី៣០ ខែមិថុនា នៅគ្រាដែលអាណត្តិរយៈពេល៦ឆ្នាំរបស់ពួកគេចាប់ផ្តើម ។

លោក Marcos ជាកូនប្រុស និងជាឈ្មោះរបស់ជនផ្តាច់ការដ៏អាម៉ាស់ ដែលត្រូវបានបណ្តេញចេញ ពីអំណាចនៅក្នុងការបះបោរឆ្នាំ១៩៨៦ ក៏បានចូលរួមក្នុងពិធីសម្ពោធដែលចូលរួមដោយសាច់ញាតិ សម្ព័ន្ធមិត្ត និងអ្នកគាំទ្ររបស់លោក Duterte-Carpio ។

ពួកគេទាំង២នាក់បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ជាមួយនឹងកម្រិតដ៏លើសលប់ ដែលមិនបានឃើញ ក្នុងប៉ុន្មានទសវត្សរ៍មកនេះ ដោយបង្កើតសម្ព័ន្ធភាពដ៏សំខាន់មួយ និងដំណើរការលើសារនៃឯកភាព ដែលបានជួយសម្ព័ន្ធមិត្តជាច្រើនទទួលបានអាសនៈនៅក្នុងសភា និងតំណែងរដ្ឋាភិបាលក្នុងតំបន់ ។

ដូចឪពុករបស់នាងដែរ នាង Duterte-Carpio បានបណ្តុះបណ្តាលជាមេធាវី មុនពេលចូលប្រឡូក ក្នុងឆាកនយោបាយក្នុងឆ្នាំ២០០៧ នៅគ្រាដែលនាងត្រូវបាន បោះឆ្នោតឱ្យធ្វើជាអភិបាលរង ស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកនាងនៅទីក្រុង Davao ចម្ងាយ១.០០០គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល ។

ដំបូងឡើយនាងចង់ធ្វើជាវេជ្ជបណ្ឌិត ប៉ុន្តែជំនួសមកវិញនូវអាជីពនយោបាយរបស់នាង ហើយនៅឆ្នាំ២០១០ បានទទួលជោគជ័យពីឪពុករបស់នាង ដើម្បីក្លាយជាអភិបាលក្រុង Davao ជាស្ត្រីដំបូងគេ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top