យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសតួកគីនៅថ្ងៃព្រហស្បតិ៍ នេះបើតាមការិយាល័យរបស់លោក បានប្រកាសកាលពីថ្ងៃអាទិត្យ ចំពេលខែនៃទំនាក់ទំនងធ្លាក់ចុះ និងការភ័យខ្លាចរបស់អ៊ីស្រាអែលថា អ្នកទេសចររបស់ខ្លួនអាចក្លាយជា គោលដៅ សម្រាប់ការវាយប្រហាររបស់អ៊ីរ៉ង់។
ការិយាល័យរបស់លោក Lapid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនាពេលខាងមុខ លោក Lapid ត្រូវបានគេរំពឹងថា នឹងជួបសមភាគីទួរគីលោក Mevlut Cavusoglu ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
លោក Cavusoglu បានទៅបំពេញទស្សនកិច្ច នៅទីក្រុងយេរ៉ូសាឡឹម កាលពីចុងខែឧសភា ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ដែលជាប្រភេទលើកដំបូងដោយរដ្ឋមន្ត្រីទួរគីក្នុងរយៈពេល ១៥ឆ្នាំ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅពេលនោះ លោក Lapid បានសាទរចំពោះដំណើរទស្សនកិច្ចរបស់លោក Cavusoglu ថាជាការបើក “ជំពូកថ្មី” នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់លោក Lapid នឹងធ្វើឡើងចំពេលមានការព្រួយបារម្ភ ពីភ្នាក់ងារសន្តិសុខអ៊ីស្រាអែលថា អ៊ីរ៉ង់ អាចវាយប្រហារជនជាតិ អ៊ីស្រាអែល នៅទីក្រុងអ៊ីស្តង់ប៊ុល និងអាចជាទីក្រុងផ្សេងទៀត នៅក្នុងប្រទេសតួកគី៕
ប្រែសម្រួល ឈូក បូរ៉ា