តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទបានជំរុញឱ្យសហរដ្ឋអាមេរិក ត្រលប់ទៅកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែនវិញ សម្រាប់ “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង” ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។
លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា ប្រទេសអ៊ីរ៉ង់ កំពុង “ដើរក្នុងទិសដៅនៃការទូត” ហើយត្រៀមខ្លួនជាស្រេច ដើម្បីឈានដល់កិច្ចព្រមព្រៀងល្អ យូរអង្វែង និងមានប្រសិទ្ធភាព” ។
រិះគន់ អាមេរិក ចំពោះគោលនយោបាយស្តង់ដារទ្វេ លោក Khatibzadeh បានលើកឡើងថា ប្រជាជនអាមេរិក បាននិងកំពុងបន្តគោលនយោបាយរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ទោះបីជាពួកគេទាមទារ ដើម្បីព្យាយាមជួសជុលវាក៏ដោយ។
លោកបានបន្ដថា “យើងមិនដឹងថា ត្រូវជឿលើពាក្យសម្ដីរបស់ពួកគេ ឬនៅក្នុងសកម្មភាពរបស់ពួកគេទេ ខណៈដែលពួកគេកំពុងបន្តដំណើររបស់ លោក ត្រាំ” នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
និយាយអំពីដំណោះស្រាយប្រឆាំងនឹងអ៊ីរ៉ង់ ដែលត្រូវបានអនុម័តដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅដើមខែមិថុនា លោក Khatibzadeh បានកត់សម្គាល់ថា អ៊ីរ៉ង់បាននិងកំពុងខិតខំជំរុញការ ចរចាចាប់តាំងពីការចាប់ផ្តើមកិច្ចចរចានៅទីក្រុងវីយែនក្នុងខែមេសា ឆ្នាំ២០២១ ទោះបីជាសហរដ្ឋអាមេរិក មិនសហការ និងការរារាំងក៏ដោយ។
អ្នកនាំពាក្យអ៊ីរ៉ង់បានពន្យល់ថា មុនពេលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃ IAEA ជុំវិញដំណោះស្រាយ ប្រឆាំងអ៊ីរ៉ង់ អ៊ីរ៉ង់បានផ្តល់គំនិតផ្តួចផ្តើម និងផែនទីបង្ហាញផ្លូវរបស់ខ្លួនដល់សហរដ្ឋអាមេរិក តាមរយៈប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell៕
ប្រែសម្រួល ឈូក បូរ៉ា