ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បន្តការពិគ្រោះយោបល់ លើការធានាផ្នែកសន្តិសុខ

គៀវ៖ សារព័ត៌មានអនឡាញក្នុងស្រុក LB.ua បានរាយការណ៍ថា ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានឲ្យដឹងថា ក្រុងគៀវ នៅតែបន្តពិគ្រោះយោបល់ជាមួយ ដៃគូរបស់ខ្លួនលើក្របខ័ណ្ឌ ធានាផ្នែកសន្តិសុខ។

លោក Yermak ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានថា “យើងបន្តការពិគ្រោះយោបល់ជាអចិន្ត្រៃយ៍ គិតត្រឹមថ្ងៃនេះ ប្រទេសជាច្រើនមកពីទ្វីបផ្សេងៗគ្នាបាន បង្ហាញពីបំណងចង់ក្លាយ ជាអ្នកធានានាសន្ដិសុខនាពេលអនាគត”។

និយាយអំពីទម្រង់ដែលអាចកើតមាននៃការធានាសន្តិសុខ មន្ត្រីរូបនេះបានលើកឡើងថា វាគួរតែរួមបញ្ចូលកិច្ច ព្រមព្រៀងក្រប ខ័ណ្ឌពហុភាគីតែមួយរវាងរដ្ឋអ្នកធានាទាំងអស់ និងកិច្ចព្រមព្រៀងទ្វេភាគីដាច់ដោយឡែករវាងអ៊ុយក្រែននិងអ្នកធានានីមួយៗ។

លោក Yermak បានបន្ដថា ប្រទេសអ្នកធានាត្រូវតែផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ មុនពេលចូលជា ធរមាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី ដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគីកាលពីចុងខែមីនា ទីក្រុងគៀវបានស្នើឱ្យចុះហត្ថលេខាលើសន្ធិសញ្ញា ធានាសន្តិសុខអន្តរជាតិថ្មីមួយ ដែលកំណត់កាតព្វកិច្ចសម្រាប់ប្រទេស អ្នកធានាក្នុងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក្នុងករណីមានការវាយប្រហារ៕

To Top