ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសដាក់ពង្រាយប្រព័ន្ធការពារ ដែនអាកាស S-500 ទំនើបបំផុត របស់ខ្លួន

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារថា យោធារុស្ស៊ីកំពុងស្ថិតក្នុងដំណើរការដាក់ពង្រាយ S-500 ដែលជាប្រព័ន្ធការពារដែនអាកាសទំនើបបំផុតនៅក្នុងប្រទេស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំរុស្ស៊ីបានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យយោធានៅទីក្រុងមូស្គូ ខណៈដែលលោកបានពណ៌នាអំពីផែនការរបស់រុស្ស៊ី សម្រាប់ការបំពាក់ប្រព័ន្ធសព្វាវុធទំនើបៗ ដែលលោកបាននិយាយថា “នឹងកំណត់សមត្ថភាពប្រយុទ្ធរបស់កងទ័ព និងកងទ័ពជើងទឹកសម្រាប់ឆ្នាំ និងច្រើនទសវត្សរ៍ខាងមុខ”។

លោក ពូទីន បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ S-500 ដែលត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់យន្តហោះ និងមីស៊ីល ហើយអាចមានសមត្ថភាពប្រឆាំងផ្កាយរណបមួយចំនួន គឺមិនមានអ្វីប្រៀបបានឡើយនៅក្នុងពិភពលោកនេះ។

សូមជម្រាបថា ប្រព័ន្ធការពារអាកាស S-500 Prometey ត្រូវបានរចនាឡើងដោយក្រុមហ៊ុនផលិតសព្វាវុធ Almaz-Antey ជាការបន្តនៃក្រុមគ្រួសារនៃមីស៊ីលរយៈចម្ងាយឆ្ងាយពីដីទៅអាកាស។ វាត្រូវបានគេជឿថា មានរយៈចម្ងាយ 600 គីឡូម៉ែត្រ និងមានសមត្ថភាពស្ទាក់ចាប់គោលដៅដែលកំពុងធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេង រួមទាំងក្បាលគ្រាប់នៃមីស៊ីលផ្លោងអន្តរទ្វីបផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top