បរទេស៖ លោក Nikolay Patrushev ប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ព្រមានថា ការសងសឹករបស់ទីក្រុងម៉ូស្គូចំពោះ “ការបិទផ្លូវ” នៃការដឹកជញ្ជូនរបស់ប្រទេសលីទុយអានី នៃតំបន់ Kaliningrad របស់ប្រទេសរុស្ស៊ី នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋលីទុយអានី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Patrushev ប្រាប់អ្នកសារព័ត៌មានអំឡុងពេលលោកទស្សនកិច្ចនៅតំបន់ Kaliningrad នៅថ្ងៃអង្គារថា “ពិតណាស់ រុស្ស៊ីនឹងឆ្លើយតបចំពោះសកម្មភាពអរិភាព។ វិធានការសមស្របកំពុងដំណើរការ ហើយនឹងត្រូវអនុម័តក្នុងពេលដ៏ខ្លីខាងមុខ»។
លោកបានបន្ថែមថា ផលវិបាកនៃការឆ្លើយតបរបស់ក្រុងមូស្គូនឹង «មានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនលីទុយអានី»។
សូមជម្រាបថា តំបន់ Kaliningrad គឺជាតំបន់តូចមួយរបស់រុស្ស៊ី ដែលស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និង ប្រទេសលីទុយអានី។ កាលពីថ្ងៃសៅរ៍ ប្រតិបត្តិករផ្លូវដែកជាតិរបស់ប្រទេសលីទុយអានី បានហាមឃាត់លំហូរនៃទំនិញដែលស្ថិតនៅក្រោមទណ្ឌកម្មរវាងតំបន់នេះ និងតំបន់ផ្សេងទៀតនៃប្រទេសរុស្ស៊ី ដោយលើកឡើងពីការណែនាំពីគណៈកម្មការអឺរ៉ុប៕