ព័ត៌មានអន្តរជាតិ

តួកគី នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ជាមួយយូអិន រុស្ស៊ី និងអ៊ុយក្រែន ស្ដីពីលើច្រករបៀងគ្រាប់ធញ្ញជាតិ 

អង់ការ៉ា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសតួកគីនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបួនផ្លូវ ជាមួយអង្គការសហប្រជាជាតិ រុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីច្រករបៀងសមុទ្រខ្មៅដែលអាចធ្វើទៅបាន សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន។

គណៈប្រតិភូយោធាតួកគី នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីព័ត៌មានលម្អិតនៃច្រករបៀងដែលបានគ្រោងទុកនេះបើតាមទូរទស្សន៍ HaberTurk TV បានរាយការណ៍ដោយដកស្រង់ប្រភពប្រធានាធិបតី។

យោងតាមប្រភពបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានបង្ហាញបំណងចង់ចូលរួមកិច្ចប្រជុំនេះដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អង្គការសហប្រជាជាតិ  បានអំពាវនាវដល់រុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាតួកគី ឱ្យយល់ព្រមបង្កើតច្រករបៀងសមុទ្រ ដើម្បីនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន។  ប្រទេសតួកគីដែលជាសមាជិកអង្គការណាតូ បាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីឈ្មួញកណ្តាលកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ ដើម្បីបញ្ចៀសវិបត្តិស្បៀងអាហារ។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងប្រមុខអង្គការសហប្រជាជាតិលោក Guterres បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ។

តួកគីមុននេះបានឲ្យដឹងថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកតួនាទីមួយនៅក្នុង “យន្តការសង្កេត” ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់។  តាមផែនការ តំណាងមកពីអ៊ុយក្រែន រុស្ស៊ី តួកគី និងអង្គការសហប្រជាជាតិ នឹងបង្កើតយន្តការសង្កេតការណ៍៕ប្រែសម្រួល ឈូក បូរ៉ា

To Top