ព័ត៌មានអន្តរជាតិ

ប្រទេសមួយនៅអាស៊ី ស្វែងរកការបង្កើតបេសកកម្ម ជាមួយអង្គការណាតូ

បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង លោក Kim Sung-han បានបង្ហាញកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងរៀបចំឱ្យមានបេសកកម្ម នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូ នៅអឺរ៉ុប។ មន្ត្រីរូបនេះបានពន្យល់ថា ទីក្រុងសេអ៊ូល ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធយូរអង្វែង របស់ទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការពង្រឹង កិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការប្រឈមមុខនឹងស្ថានភាពអន្តរជាតិ “ដែលមិនអាចទាយទុកជាមុនបាន” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់លោក Kim នៅក្នុងសន្និសីទសារព័ត៌មានមួយថា “តាមរយៈការបង្កើតបេសកកម្ម របស់អង្គការណាតូ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ដែលអង្គការណាតូ មានទីស្នាក់ការ នោះ យើងនឹងអាចបង្កើនការចែករំលែកព័ត៌មាន និងពង្រឹងបណ្តាញរបស់យើងជាមួយសមាជិកណាតូ និងប្រទេសជាដៃគូ”។

ផ្ទាំងពាណិជ្ជកម្ម

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីប្រធានាធិបតី ដែលមិនបញ្ចេញឈ្មោះថា បេសកកម្មថ្មីនេះ ត្រូវបានគេរំពឹងថា នឹងដឹកនាំដោយបេសកជនកូរ៉េខាងត្បូង ប្រចាំប្រទេសបែលហ្ស៊ិក លោក Yoon Soongu ។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើលោកនឹងបន្តកាន់តំណែងបច្ចុប្បន្ន ឬយ៉ាងណានោះទេ ព្រោះថា បេសកជនរូបនេះ ក៏កើនឡើងទ្វេដង ជាឯកអគ្គរដ្ឋទូតប្រចាំសហភាពអឺរ៉ុបផងដែរ។

សូមជម្រាបថា ប្រធានាធិបតី របស់ប្រទេសកូរ៉េខាងត្បូង លោក Yoon Suk-yeol ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូល NATO នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញ ដែលគ្រោងធ្វើនៅថ្ងៃទី 29-30 ខែមិថុនា ដោយព្រឹត្តិការណ៍នេះ បានក្លាយជាដំណើរទស្សនកិច្ចអន្តរជាតិដ៏សំខាន់លើកដំបូង សម្រាប់ប្រធានាធិបតី ដែលបានចូលកាន់តំណែងនៅថ្ងៃទី 10 ខែឧសភា។ នេះក៏ជាលើកទីមួយផងដែរ មិនធ្លាប់មានសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង ចូលរួមកិច្ចប្រជុំកំពូលណាតូ៕

To Top