ព័ត៌មានអន្តរជាតិ

រុស្ស៊ី បង្ហាញតួលេខរបស់កងទ័ពអ៊ុយក្រែន ដែលត្រូវទ័ពរុស្ស៊ី​ ឡោមព័ទ្ធ

បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃសុក្រថា ទាហានអ៊ុយក្រែន អ្នកជាតិនិយម និងយុទ្ធជនបរទេសរហូតដល់ ២ ០០០នាក់ ត្រូវបានឡោមព័ទ្ធ ដោយកងកម្លាំងរុស្ស៊ី និងកងជីវពល Donbass ។ កងកម្លាំងត្រូវបានឡោមព័ទ្ធ នៅក្នុងក្រុងជិតខាងចំនួនពីរ ក្នុងសាធារណរដ្ឋប្រជាមានិត Lugansk ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងវរសេនាតូចអ៊ុយក្រែនចំនួនបួន ក៏ដូចជាអង្គភាពកាំភ្លើងធំមួយ ស្ថិតក្នុងចំណោម អ្នកដែលបានជាប់ ក្នុងការឡោមព័ទ្ធ។ កងកម្លាំងដែលត្រូវរុស្ស៊ី ឡោមព័ទ្ធក៏រួមបញ្ចូលផងដែរ នូវយុទ្ធជនប្រហែល ១២០នាក់មកពី ‘Right Sector’ ដ៏ល្បីល្បាញរបស់អ៊ុយក្រែន ដែលជាក្រុម neo-Nazi ដែលមានយុទ្ធជនបរទេសរហូតដល់ ៨០នាក់។

កងទ័ពត្រូវបានឡោមព័ទ្ធ នៅក្នុងទីប្រជុំជន Gorskoye និង Zolotoye ដែលមានទីតាំងនៅភាគខាងត្បូងនៃទីក្រុងសំខាន់ៗរបស់ Severodonetsk និង Lisichansk ដែលថ្មីៗនេះបានក្លាយជា គោលដៅសំខាន់មួយ សម្រាប់ភាគីទាំងពីរចំពេល មានការប្រយុទ្ធគ្នា ជាបន្តសម្រាប់ទឹកដីនៃ Donetsk និង សាធារណៈរដ្ឋប្រជាមានិត Lugansk ៕

ប្រែសម្រួលៈ ណៃ តុលា

To Top