ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ប្ដេជ្ញាឆ្លើយតប នឹងការបង្កហេតុ ដោយកូរ៉េខាងជើង

សេអ៊ូល៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការបង្កហេតុណាមួយ របស់កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ ខណៈដែលប្រទេសនេះ បានប្រារព្ធខួបលើកទី៧២ នៃការផ្ទុះឡើងនៃសង្រ្គាមកូរ៉េ ឆ្នាំ១៩៥០-១៩៥៣ ។

នៅក្នុងសុន្ទរកថា របស់លោកក្នុងអំឡុងពេល ពិធីរំលឹកខួបមួយ លោកបានលើកឡើងថា ការបាញ់មីស៊ីលនាពេលថ្មីៗនេះ និងការរៀបចំនុយក្លេអ៊ែរ របស់កូរ៉េខាងជើង បានបង្កើនភាពតានតឹងហួសពីឧបទ្វីបកូរ៉េ ហើយកំពុងបង្កការគំរាមកំហែង ដល់សន្តិភាពអន្តរជាតិ។

លោកបានលើកឡើងថា “រដ្ឋាភិបាលនឹងពង្រឹងជំហរការពាររបស់ខ្លួន ដោយផ្អែកលើសម្ព័ន្ធភាពដ៏រឹងមាំ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយឆ្លើយតបយ៉ាងរហ័ស និងម៉ឺងម៉ាត់ ដោយប្រើគ្រប់មធ្យោបាយចាំបាច់”។

លោក Han បានបន្ដថា “រដ្ឋាភិបាលនឹងមិនភ្លេចសន្តិភាព អាចសម្រេចបានដោយឈរលើមូលដ្ឋាន នៃការការពារ និងសន្តិសុខដ៏រឹងមាំ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

លោកបានបន្ថែមថា កូរ៉េខាងត្បូង ក៏នឹងស្វែងរកកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីទទួលបានកិច្ចសហប្រតិបត្តិការ ពីសហគមន៍អន្តរជាតិ ដើម្បីសម្រេចបានសន្តិភាព នៅលើឧបទ្វីប និងផ្តល់ជំនួយមនុស្សធម៌ ដល់កូរ៉េខាងជើង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top