ព័ត៌មានអន្តរជាតិ

កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ ចាប់ផ្ដើមជាថ្មីនៅទីក្រុងដូហា ក្រោយផ្អាក ៣ខែ

ដូហា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា កិច្ចពិភាក្សាស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បានបន្តកាលពីថ្ងៃអង្គារ ខណៈដែលប្រធានអ្នកចរចារបស់អ៊ីរ៉ង់លោក Ali Bagheri Kani បានជួបជាមួយអ្នកសម្របសម្រួល សហភាពអឺរ៉ុបលោក Enrique Mora នៅរដ្ឋធានីដូហា ប្រទេសកាតា។

ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មុននេះថា ការចរចានុយក្លេអ៊ែរ នឹងត្រូវធ្វើឡើងដោយប្រយោល ជាមួយសហរដ្ឋអាមេរិក និងសម្របសម្រួលដោយសហភាពអឺរ៉ុប។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសកាតា Hamidreza Dehghani បានសរសេរនៅលើធ្វីតធឺថា ក្រុមចរចារបស់លោកដែលដឹកនាំដោយ Kani បានមកដល់ទីក្រុងដូហា នៅមុនថ្ងៃ ដើម្បីបន្តកិច្ចចរចាដែលត្រូវបាន ផ្អាកអស់រយៈពេលបីខែ។

ការបន្តនៃកិច្ចចរចានេះត្រូវបាន ប្រកាសកាលពីថ្ងៃសៅរ៍នៅក្នុង សន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលបានធ្វើឡើងនៅទីក្រុងតេហេរ៉ង់ ដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងដំណើរទស្សនកិច្ចទៅកាន់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell ។

អ៊ីរ៉ង់បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ការទប់ស្កាត់ មួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មដែល ដឹកនាំដោយសហរដ្ឋអាមេរិក។

ប៉ុន្តែ អតីត លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងក្នុងខែឧសភា ឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ ដែលបានឆ្លើយតបដោយកាត់បន្ថយការប្តេជ្ញាចិត្ត មួយចំនួននៅក្រោមកតិកាសញ្ញា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top