ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង និងអ៊ុយក្រែន យល់ខុសគ្នាទៅលើការហៅរុស្ស៊ីថា ជាអ្នកឧបត្ថម្ភភេរវកម្ម

បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron មិនគាំទ្រសំណើរបស់ សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ដើម្បីចាត់តាំងប្រទេសរុស្ស៊ីជា “អ្នកឧបត្ថម្ភភេរវកម្ម” នោះទេ ដោយលោកពន្យល់ថា រដ្ឋាភិបាលទីក្រុងប៉ារីសមិនត្រូវការ “និយមន័យ” ណាមួយដើម្បីដាក់ទណ្ឌកម្មទីក្រុងម៉ូស្គូ ឬថ្កោលទោស “ឧក្រិដ្ឋកម្មសង្រ្គាម” ដែលត្រូវបានចោទប្រកាន់ឡើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា “រដ្ឋរុស្ស៊ីបានក្លាយជាអង្គការភេរវជន ធំជាងគេក្នុងពិភពលោក”។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានសរសេរនៅលើ Telegram ថា “ហើយនេះត្រូវតែជាការពិត” ។

អត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ Zelensky ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ លោក Macron បាននិយាយថា ប្រទេសរបស់លោកមិនអនុវត្តតាម “វិធីសាស្រ្ត” បែបនេះទេ និងការស្របទៅនឹង វិធីសាស្រ្តរបស់ខ្លួនចំពោះ “ឧក្រិដ្ឋកម្មសង្គ្រាម” របស់រុស្ស៊ី នោះទេ។ ដោយសំដៅលើការចោទប្រកាន់ថា បានសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Bucha ដោយកងកម្លាំងរុស្ស៊ី (អ្វីមួយដែលទីក្រុងម៉ូស្គូ បដិសេធយ៉ាងខ្លាំង) លោក Macron បាននិយាយថា “ទាំងនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម” ។

លោកបានសង្កត់ធ្ងន់ថា ទីក្រុងប៉ារីសថ្កោលទោសពួកគេ និងគាំទ្រការស៊ើបអង្កេតដែលនឹង នាំអ្នកទទួលខុសត្រូវចំពោះ អំពើឃោរឃៅទៅកាន់ “យុត្តិធម៌អ៊ុយក្រែន និងអន្តរជាតិ”។

លោក Macron បានអះអាងថា លើសពីនេះ ប្រទេសបារាំងមិនត្រូវការនិយមន័យ តុលាការណាមួយសម្រាប់ការ ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top