ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានន័រវេស ជុំវិញការហាមឃាត់ ដឹកជញ្ជូនការផ្គត់ផ្គង់ ដល់ប្រតិបត្តិការរុករករ៉ែ នៅតំបន់អាកទិក របស់រុស្ស៊ី នៅកោះ Svalbard

បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃពុធថា ទីក្រុងមូស្គូបានកោះហៅលោកស្រី Solveig Rossebo ឯកអគ្គរដ្ឋទូតរបស់ប្រទេសន័រវេស ជុំវិញការហាមឃាត់ “មិនអាចទទួលយកបាន” លើការដឹកជញ្ជូនការផ្គត់ផ្គង់ ដល់ប្រតិបត្តិការរុករករ៉ែនៅតំបន់ អាកទិករបស់រុស្ស៊ីនៅកោះ Svalbard ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយន័រវេស ធ្លាប់បានដកស្រង់សម្តីអាជ្ញាធរ ដែលបានបញ្ជាក់ថា ជនជាតិរុស្ស៊ីនៅលើកោះ Svalbard ត្រូវបានបដិសេធ ការលើកលែងពីទណ្ឌកម្ម ដែលត្រូវបានដាក់លើទីក្រុងម៉ូស្គូ ជុំវិញជម្លោះរបស់ខ្លួន ជាមួយអ៊ុយក្រែន។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា អ្នករុករករ៉ែ និងបុគ្គលិកផ្សេងទៀត មិនអាចទទួលបានទំនិញ “សំខាន់” រួមទាំងអាហារ ឧបករណ៍វេជ្ជសាស្ត្រ សម្ភារៈសំណង់ និងគ្រឿងបន្លាស់។ ទីក្រុងម៉ូស្គូបានសន្យាថា នឹងមាន “វិធានការសងសឹកសមស្រប” ប្រសិនបើបញ្ហា មិនត្រូវបានដោះស្រាយ។

សូមជម្រាបថា កោះ Svalbard ធ្លាប់ជាចំណុចរំលេច នៃភាពតានតឹងការទូត រវាងទីក្រុងមូស្គូ និងទីក្រុងអូស្លូ ពីមុនមក នៅពេលដែលន័រវែស បានរឹតបន្តឹងតម្រូវការចូល បន្ទាប់ពីដំណើរទស្សនកិច្ចឆ្នាំ 2015 របស់មន្ត្រីជាន់ខ្ពស់រុស្ស៊ី ក្រោមការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុប ដោយសារបញ្ហាអ៊ុយក្រែន។ ប្រទេសន័រវេសមិនមែនជាសមាជិក នៃប្លុកនេះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top