ព័ត៌មានអន្តរជាតិ

Update: ប្រទេសចំនួន ២ហើយ ដែលចេញមុខ ទទួលស្គាល់ឯករាជ្យ របស់សាធារណរដ្ឋ Donetsk និង Lugansk

បរទេស ៖ ប្រទេសស៊ីរីបានទទួលស្គាល់ ឯករាជ្យភាព នៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដែលបានប្រកាស ពីចេតនារបស់ពួកគេ ក្នុងការបំបែកចេញពីប្រទេស អ៊ុយក្រែន នៅក្នុងឆ្នាំ 2014 ហើយត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយប្រទេសរុស្ស៊ី នៅក្នុងខែកុម្ភៈ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន អារ៉ាប់ស៊ីរី (SANA) បានប្រកាសពីការសម្រេចចិត្តនេះ កាលពីរសៀលថ្ងៃពុធ ដោយដកស្រង់ប្រភព នៅក្នុងក្រសួងការបរទេស ក្នុងទីក្រុងដាម៉ាស របស់ស៊ីរី។

របាយការណ៍នោះបានសរសេរថា៖ «ការបញ្ចូលឆន្ទៈរួមនិង បំណងចង់បង្កើតទំនាក់ទំនងលើគ្រប់វិស័យ សាធារណរដ្ឋអារ៉ាប់ស៊ីរី បានសម្រេចចិត្តទទួលស្គាល់ ឯករាជ្យភាពនិងអធិបតេយ្យភាព ទាំងសាធារណៈរដ្ឋ Lugansk និងសាធារណរដ្ឋប្រជាមានិត Donetsk»។

សូមជម្រាបថា សាធារណរដ្ឋដែលរួមគ្នាបង្កើតតំបន់ Donbass ទាំងពីរ បានប្រកាសឯករាជ្យ ពីអ៊ុយក្រែនក្នុងឆ្នាំ 2014 បន្ទាប់ពីរដ្ឋប្រហារ ដែលគាំទ្រដោយលោកខាងលិច បានទម្លាក់ប្រធានាធិបតីជាប់ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ លោក Viktor Yanukovych ។ យោធារបស់ទីក្រុងគៀវ បន្ទាប់មកបានធ្វើសង្រ្គាមរយៈពេលប្រាំបីឆ្នាំ ប្រឆាំងនឹងតំបន់នេះ រហូតដល់ប្រទេសរុស្ស៊ី បានទទួលស្គាល់ឯករាជ្យ របស់ពួកគេនៅក្នុងខែកុម្ភៈ ពីរថ្ងៃមុនពេល ចាប់ផ្តើមប្រតិបត្តិការយោធា របស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top