តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឲ្យដឹងថា ប្រទេស ជប៉ុន មានបំណងធ្វើឱ្យប្រសើរឡើង នូវភាពជាដៃគូ របស់ខ្លួន ជាមួយអង្គការណាតូ យ៉ាងសំខាន់ បន្ទាប់ពីសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹង អ៊ុយក្រែន ខណៈដែលសន្តិសុខ របស់អឺរ៉ុប មិនអាចបំបែកចេញពីអាស៊ីបាន ដោយសាទរ ចំពោះការចូលរួមរបស់សម្ព័ន្ធមិត្ត លោកខាងលិច នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។
លោក Kishida បានចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ក្នុងប្រទេសអេស្ប៉ាញ ជាមេដឹកនាំជប៉ុន ដំបូងគេ ដែលធ្វើដូច្នេះ ដោយបញ្ជាក់ពីការ ពង្រីកលទ្ធភាព នៃសម្ព័ន្ធភាព ដែលប្រឈមមុខនឹងបញ្ហា ដែលបង្កឡើងដោយរុស្ស៊ី និងចិន ។
កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ រហូតដល់ថ្ងៃព្រហស្បតិ៍ នឹងឃើញសមាជិកណាតូ ប្តេជ្ញាពង្រឹងការការពារ បន្ទាប់ពីការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន និងបានអនុម័តនូវ គោលគំនិតយុទ្ធសាស្ត្រថ្មី ដែលជាឯកសារណែនាំ របស់សម្ព័ន្ធភាព សម្រាប់ទសវត្សរ៍ក្រោយ ដែលបានលើកឡើង ពីប្រទេសចិន ជាលើកដំបូង ។
អង្គការណាតូ បានអញ្ជើញឱ្យចូលរួម ក្នុងការជួបជុំមេដឹកនាំជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលអង្គការដែលមានមូលដ្ឋាន នៅទីក្រុងព្រុចសែល ចាត់ទុកជាប្រទេស ដៃគូអាស៊ីប៉ាស៊ីហ្វិក ក៏ជាវិធានការ ដែលមិនធ្លាប់មានពីមុនមកដែរ។
អង្គការ NATO បូកប្រទេស ទាំងបួន នឹងយល់ព្រមបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការពង្រីក រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងឯកសារមួយ ដែលបង្ហាញពីលទ្ធផល រំពឹងទុកនៃកិច្ចប្រជុំកំពូល។
រដ្ឋាភិបាលបានឲ្យដឹងថា ផែនទីបង្ហាញផ្លូវនឹងធានា “ការពិគ្រោះផ្នែក នយោបាយកាន់តែជិតស្និទ្ធ និងការងាររួមគ្នាលើបញ្ហា ដែលមានផលប្រយោជន៍ ទៅវិញទៅមក” រួមទាំងការគំរាមកំហែង តាមអ៊ីនធឺណិត សន្តិសុខដែន សមុទ្រ ការប្រឆាំងភេរវកម្ម និងផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុលើសន្តិសុខ ៕
ប្រែសម្រួល ឈូក បូរ៉ា