ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះ លោក ហ្ស៊ី ជិនពីងប្រធានាធិបតីចិន បានសាទរចំពោះការគ្រប់គ្រងរបស់ប្រទេសចិន លើទីក្រុងហុងកុង ខណៈដែលលោកបានដឹកនាំការប្រារព្ធខួបលើកទី២៥នៃការប្រគល់ទីក្រុងនេះពីចក្រភពអង់គ្លេស ដោយទទូចថា លទ្ធិប្រជាធិបតេយ្យកំពុងរីកចម្រើនណាស់ ។
គួររំលឹកថា អង់គ្លេស បានប្រគល់ក្រុងហុងកុងឱ្យដល់ប្រទេសចិនគ្រប់គ្រងវិញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ ដោយទីក្រុងប៉េកាំងបានសន្យានូវស្វ័យភាពទូលំទូលាយ សិទ្ធិបុគ្គល និងឯករាជ្យភាពរបស់តុលាការរហូតដល់ឆ្នាំ២០៤៧ ។
លោក ហ្ស៊ី បានថ្លែងថា “បន្ទាប់ពីការរួបរួមគ្នាជាមួយមាតុភូមិ ប្រជាជនហុងកុងបានក្លាយជាចៅហ្វាយនាយនៃក្រុងរបស់ពួកគេ” ។ “លទ្ធិប្រជាធិបតេយ្យពិតប្រាកដរបស់ហុងកុងចាប់ផ្តើមពីទីនេះ” ។
លោក ហ្ស៊ី ក៏បានថ្លែងផងដែរថា ក្រុងប៉េកាំងតែងតែធ្វើសកម្មភាព “ដើម្បីភាពល្អរបស់ហុងកុង” ដោយបន្ថែមថា រដ្ឋាភិបាលកណ្តាលនឹងជួយរក្សា និងគាំទ្របរិយាកាសពាណិជ្ជកម្មសេរី និងបើកចំហសម្រាប់ទឹកដីនេះ ។
លោកបានបន្តថា គ្មានហេតុផលអ្វីក្នុងការផ្លាស់ប្តូររចនាប័ទអភិបាលកិច្ចប្រទេសមួយ ប្រព័ន្ធ២របស់ទីក្រុងហុងកុងនោះទេ។
លោក ហ្ស៊ី បានថ្លែងថា “សម្រាប់ប្រព័ន្ធល្អបែបនេះ វាគ្មានហេតុផលអ្វីទាំងអស់ក្នុងការផ្លាស់ប្តូរវាទេ។ វាត្រូវតែរក្សាបានក្នុងរយៈពេលវែង” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា