ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការលើកឡើងមិនពិត របស់ប្រធានណាតូ លើកោះតៃវ៉ាន់

ប៉េកាំង៖ អ្នកនាំពាក្យចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការនិយាយមិនពិត លើកោះតៃវ៉ាន់ ដែលធ្វើឡើង ដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការ ក្រុមប្រឹក្សារដ្ឋតៃវ៉ាន់ បានលើកឡើងថា “តៃវ៉ាន់គឺជាផ្នែកមួយ នៃប្រទេសចិន ហើយជនរួមជាតិតៃវ៉ាន់ គឺជាបងប្អូនបង្កើតរបស់យើង” ។

លោកស្រីបានលើកឡើងថា “យើងបានចាត់វិធានការស្របតាមច្បាប់ ដើម្បីដាក់ទណ្ឌកម្មលើកងកម្លាំងបំបែកខ្លួន ដែលស្វែងរកឯករាជ្យភាពរបស់តៃវ៉ាន់ និងប្រឆាំងនឹងការជ្រៀតជ្រែក របស់កងកម្លាំងខាងក្រៅ ដែលជាវិធានការមួយដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន”។

លោកស្រីបានធ្វើសេចក្តីថ្លែងការណ៍ នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើការលើកឡើងខុសរបស់លោក Stoltenberg ដែលថា “ប្រទេសចិនកំពុងគំរាមកំហែងតៃវ៉ាន់” ។

អ្នកនាំពាក្យរូបនេះបានបន្ដថា អ្នកដែលផ្សព្វផ្សាយមិនពិតបែបនេះ គឺមានបំណងប្រើប្រាស់សំណួរតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន។

លោកស្រី Zhu បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ និងបុគ្គលនានា ជួសជុលកំហុស ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងបទដ្ឋានជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ និងបញ្ឈប់ការបញ្ជូនសញ្ញាខុស ទៅកាន់កងកម្លាំងស្វែងរក “ឯករាជ្យភាពតៃវ៉ាន់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top