អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ថា អាកាសយានិក២នាក់ គិលានុបដ្ឋាយិកាម្នាក់ និងវេជ្ជបណ្ឌិតម្នាក់ បានស្លាប់កាលពីថ្ងៃសុក្រ បន្ទាប់ពីយន្តហោះពេទ្យរបស់ពួកគេ បានធ្លាក់នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Rio Grande ភាគខាងត្បូងនៃប្រទេសអាហ្សង់ទីន ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Telam បានរាយការណ៍ឲ្យដឹង ។
យន្តហោះ Learjet 35A បានធ្លាក់ចុះមកដីភ្លាមៗ បន្ទាប់ពីហោះឡើង នៅម៉ោង២និង៣៦នាទីរសៀល ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៧និង៣៦នាទីម៉ោងសកល បណ្តាលឱ្យមានការផ្ទុះដ៏ធំមួយ ដែលអាចលាន់ឮនៅក្នុងផ្នែកផ្សេងៗ នៃទីក្រុងក្នុងខេត្ត Tierra del Fuego ។
យន្តហោះក្នុងបេសកកម្មវេជ្ជសាស្រ្ត បានដឹកអ្នកជំងឺទៅកាន់ទីក្រុង Rio Grande ហើយកំពុងរៀបចំត្រឡប់ទៅរដ្ឋធានី Nuenos Aires វិញ ។
ទីភ្នាក់ងារពត៌មានTelam បានរាយការណ៍ថា “យន្តហោះបានធ្លាក់នៅក្នុងមូលដ្ឋាន នៃមូលដ្ឋានទ័ពជើងទឹក ដែលមានចម្ងាយប្រហែល១.០០០ម៉ែត្រពីតំបន់ដែលមានប្រជាជន រស់នៅដោយបន្សល់ទុកនូវតាមដូចផ្លូវលំ ដ៏ធំមួយដែលមានភ្លើង និងផ្សែង” ។
គួរបញ្ជាក់ថា ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា