បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក Oleg Nikolenko កាលពីថ្ងៃអាទិត្យបានចោទប្រកាន់ ទីភ្នាក់ងារសារព័ត៌មានបារាំង Agent France-Presse ថា បានធ្លាក់ទៅក្នុង “ការឃោសនារបស់រុស្ស៊ី” ដោយហៅកងកម្លាំងនៃ សាធារណរដ្ឋប្រជាមានិត Lugansk ជា “អ្នកបំបែកខ្លួនអ៊ុយក្រែន” ជាជាងហៅថា ជា “កងទ័ពឈ្លានពានរបស់រុស្ស៊ី” ។ Lugansk និងកងកម្លាំងរុស្ស៊ីបានប្រកាសថា ពួកគេបានដណ្តើមយកទីក្រុង Lisichansk មកវិញកាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រកាសកាលពីថ្ងៃអាទិត្យថា កងទ័ពរុស្ស៊ី និង Lugansk នៃសាធារណរដ្ឋប្រជាមានិត (LPR) បានបណ្តេញកងកម្លាំងអ៊ុយក្រែន ដោយជោគជ័យចេញពីទីក្រុង Lisichansk ដែលនៅតែស្ថិតនៅក្រោម ការគ្រប់គ្រងរបស់អ៊ុយក្រែន ចាប់តាំងពី LPR បានប្រកាសឯករាជ្យនៅឆ្នាំ 2014 បន្ទាប់ពីរដ្ឋប្រហារគាំទ្រលោកខាងលិចនៅក្នុង ទីក្រុងគៀវ។
ប៉ុន្មានម៉ោងមុន AFP បានរាយការណ៍ថា “ពួកបំបែកខ្លួនអ៊ុយក្រែននិយាយថា ពួកគេបានឡោមព័ទ្ធនៅ Lisichansk” ដោយសំដៅទៅលើកងទ័ពនៃ LPR ដែលឯករាជ្យភាពដែលរុស្ស៊ីបានទទួលស្គាល់ ប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួននៅក្នុងអ៊ុយក្រែន។
លោក Nikolenko បានយកបញ្ហាជាមួយនឹង ការពិពណ៌នារបស់ AFP អំពីកងកម្លាំងរបស់ LPR ។ គាត់បានសរសេរនៅលើ Twitter ថា “AFP បានក្លាយជាជនរងគ្រោះនៃ ការឃោសនារបស់រុស្ស៊ី” ។ “AFP ហៅកងទ័ពដែលឈ្លានពានរបស់រុស្ស៊ីជា “ពួកបំបែកខ្លួនអ៊ុយក្រែន” ដោយបង្ហាញសង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែនថាជាជម្លោះផ្ទៃក្នុង ហើយក្រោយមក ក៏ត្រូវវិមានក្រឹមឡាំងអបអរសាទរ ៕
ប្រែសម្រួលៈ ណៃ តុលា