ព័ត៌មានអន្តរជាតិ

អំពើបាញ់ប្រហារមួយ ផ្ទុះឡើងនៅជីកាហ្គោ ស្របពេលប្រារព្វពិធីបុណ្យឯករាជ្យ បណ្តាលឲ្យមនុស្សស្លាប់តិចបំផុត ៦នាក់

Illinois៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ថា មនុស្សចំនួន ៦នាក់បានស្លាប់ និងយ៉ាងហោចណាស់ ២១នាក់បានរងរបួស នៅគ្រាដែលបុរសម្នាក់កាន់កាំភ្លើងបានបាញ់ ចេញពីលើដំបូលចំក្បួនដង្ហែបុណ្យ ឯករាជ្យមួយនៅជាយក្រុង Chicago នៃសួន Highland Park កាលពីថ្ងៃចន្ទ ។

ប៉ូលសបានឲ្យដឹងថា ពួកគេបានកំណត់អត្តសញ្ញាណបុគ្គល ដែលចាប់អារម្មណ៍ក្នុងការបាញ់ប្រហារនោះ ឈ្មោះ Robert E Crimo III អាយុ២២ឆ្នាំ មកពីតំបន់នោះ ។ ពួកគេបានឲ្យដឹងថា គាត់បើករថយន្តម៉ាក Honda Fit ពណ៌ទឹកប្រាក់ ស៊េរី២០១០ ។

លោក Christopher Covelli អ្នកនាំពាក្យមកពីនាយកដ្ឋានតម្រួត បានប្រាប់ដល់អ្នកសារព័ត៌មានថា “គាត់ត្រូវបានចាត់ទុកថា ជាជនប្រដាប់អាវុធ និងគ្រោះថ្នាក់” ដោយបន្ថែមថា មនុស្សមិនគួរចូលទៅជិតគាត់ ប្រសិនបើពួកគេឃើញគាត់ ។

មន្ត្រីបានឲ្យដឹងថា កាំភ្លើងមួយដើមត្រូវបាន រកឃើញពីកន្លែងកើតហេតុ ។ យ៉ាងហោចណាស់មនុស្ស ២៦នាក់បានរងរបួស និង២៥នាក់របួសស្រាល ដោយគ្រាប់កាំភ្លើង រួមទាំងកុមារ ៤ឬ៥នាក់ផងដែរ ។ អ្នកនាំពាក្យមន្ទីរពេទ្យបានលើកឡើងថា អ្នកដែលរងរបួសមានអាយុចាប់ពី ៨ទៅ៨៥ឆ្នាំ ។

អាជ្ញាធរបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ នៅម៉ោងប្រហែល ១០និង១៥នាទីព្រឹក នៅគ្រាដែលក្បួនដង្ហែរប្រហែល ៣/៤ ឆ្លងកាត់ទីនោះ ។ លោក Covelli បានបន្ថែមថា ការបាញ់ប្រហារនេះបានកើតឡើង ពីលើដំបូលផ្ទះអាជីវកម្មមួយ ដែលខ្មាន់កាំភ្លើងបានទៅដល់ តាមរយៈជណ្ដើរផ្លូវដែលភ្ជាប់ទៅនឹង អគារដែលមិនមានសុវត្ថិភាព ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top