ព័ត៌មានអន្តរជាតិ

យន្តហោះ Airbus A380 បានហោះរយៈពេល១៤ម៉ោង ទៅអូស្រ្តាលី ដោយមានប្រហោងធ្លុះយ៉ាងធំ

បរទេស៖ អ្នកបើកយន្តហោះ និងអ្នករួមដំណើរ នៃជើងហោះហើរ Emirates ដែលហោះពីទីក្រុង Dubai ទៅកាន់ទីក្រុង Brisbane ប្រទេសអូស្ត្រាលី មានការភ្ញាក់ផ្អើលដែលបានរកឃើញថា ពួកគេបានធ្វើដំណើររយៈពេល ១៤ ម៉ោង ជាមួយនឹងប្រហោងធ្លុះ ដ៏ធំនៅផ្នែកម្ខាង នៃយន្តហោះ Airbus A380 ដែលពួកគេបានធ្វើដំណើរនោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមវែបសាយ Aviation Herald ដែលតាមដានឧប្បត្តិហេតុសុវត្ថិភាពអាកាសចរណ៍ បុគ្គលិក និងអ្នកដំណើរនៃជើងហោះហើរ EK-430 កាលពីថ្ងៃសុក្របានរាយការណ៍ថា មានសំឡេងខ្លាំងប្រហែល 45 នាទីបន្ទាប់ពីយន្តហោះបានហោះចេញពីអាកាសយានដ្ឋានធំរបស់ទីក្រុងឌូបៃ។ អ្នកបើកយន្តហោះបានជឿថា សំបកកង់មួយរបស់យន្តហោះអាចនឹងផ្ទុះ និងជូនដំណឹងដល់ ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ក្នុងទីក្រុង Brisbane ដោយស្នើសុំឱ្យ សេវាសង្គ្រោះបន្ទាន់នៅរង់ចាំ។

បន្ទាប់ពីយន្តហោះបានចុះចតដោយជោគជ័យ ហើយអ្នកដំណើរបានចុះពីលើយន្តហោះ វិស្វករបានរកឃើញរន្ធប្រហោងធំមួយនៅផ្នែកខាងឆ្វេងរបស់ស្លាបយន្តហោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top