បរទេស៖ ប្រធានាធិបតី Putin កាលពីថ្ងៃម្សិលមិញនេះ បានចេញមកធ្វើការប្រកាស បែបព្រមានខ្លាំងៗ ចំពោះអ្នកប្រឆាំងទៅនឹងខ្លួនទាំងឡាយ ដែលប៉ុនប៉ង់ថា នឹងចង់យកឈ្នះរុស្សី នៅលើសមរភូមិថាជាក់ស្តែងពេលនេះ ប្រទេសរបស់លោក នៅមិនទាន់បានចាប់ផ្តើមអ្វីនៅឡើយ។
ទោះបីជាយ៉ាងណាក្តី ប្រធានាធិបតីរូបនេះ ក៏បានលើកឡើងដែរថា រុស្សីបានត្រៀមខ្លួនរួចរាល់ហើយផងដែរ ក្នុងការចូលទៅតុចរចាដើម្បីសន្តិភាព នៅអ៊ុយក្រែន ហើយព្រមានបន្ថែមទៀត ប្រសិនបើមានការបដិសេធ ទៅនឹងផែនការនេះ ប្រាកដណាស់ពួកគេនឹងធ្វើឲ្យការពិភាក្សា នឹងអូសបន្លាយកាន់តែយូរ និងផលអាក្រក់ច្រើន ជាងនេះជាមិនខាន។
ឆ្លើយតបទៅនឹង អ្នកដែលធ្លាប់បានលើកឡើងថា រុស្សីប្រហែលជាកំពុងទន់ដៃ ដោយសារប្រតិបត្តិការយោធា កន្លងមកប៉ុន្មានខែចុងក្រោយនេះ នោះលោក Putin បានបញ្ជាក់បែបនេះថា៖ ពួកយើងបានលឺមានអ្នកខ្លះ ដែលចង់យកឈ្នះរុស្សី នៅលើសមរភូមិ។ តើអ្វីដែលខ្ញុំអាចនិយាយបាន នៅពេលនេះគឺថា អ្នកសាកល្បងមើលទៅ ពីព្រោះថារុស្សី មិនទាន់បានចាប់ផ្តើម អ្វីនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី