ព័ត៌មានអន្តរជាតិ

Update: ខ្មាន់កាំភ្លើងដែលបាញ់លោក Abe ប្រាប់ថា ម្តាយរបស់ខ្លួនក្ស័យធន ដោយសារតែបរិច្ចាគលុយ ឱ្យក្រុមសាសនា

បរទេស៖ ប្រភពស៊ើបអង្កេតបាន និយាយកាលពីថ្ងៃសៅរ៍ថា បុរសដែលបានបាញ់សម្លាប់ អតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe បានប្រាប់ប៉ូលីសថា ដំបូងឡើយគាត់គ្រោងនឹងវាយប្រហារ មេដឹកនាំក្រុមសាសនាដែលគាត់ជឿថា បានធ្វើឱ្យម្តាយរបស់គាត់ត្រូវក្ស័យធន តាមរយៈការបរិច្ចាគឱ្យក្រុមសាសនានេះ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃ9 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា ប្រភពបាននិយាយថា ជនសង្ស័យឈ្មោះ Tetsuya Yamagami អាយុ 41 ឆ្នាំក៏បាននិយាយថា គាត់មានការខឹងសម្បារនឹងលោក Abe ដោយជឿថាគាត់បានផ្សព្វផ្សាយ ឱ្យក្រុមនេះនៅក្នុងប្រទេសជប៉ុន។

លោក Abe បានទទួលមរណភាពកាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានបាញ់ពីខាងក្រោយ អំឡុងពេលថ្លែងសុន្ទរកថា នៅជិតស្ថានីយ៍រថភ្លើងមួយកន្លែង នៅភាគខាងលិចនៃខេត្តណារ៉ា ប្រទេសជប៉ុន។ Yamagami ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ដែលគាត់កាន់កាំភ្លើងច្នៃ។

លោក Yamagami បានបដិសេធចំពោះការប្រព្រឹត្តបទឧក្រិដ្ឋនេះ ដោយសារតែគាត់ប្រឆាំងទៅនឹង ជំនឿនយោបាយរបស់លោក Abe , នេះបើយោងតាមប៉ូលីស។

ពួកគេបាននិយាយថា ប៉ូលីសបានឆែកឆេរផ្ទះ របស់គាត់កាលពីថ្ងៃសុក្រ ដោយបានរកឃើញវត្ថុ ដែលគេជឿថាជាគ្រឿងផ្ទុះ និងកាំភ្លើងច្នៃ។

សូមជម្រាបថា ជនសង្ស័យ Yamagami ដែលបានបាញ់សម្លាប់លោ Abe ជាជនគ្មានការងារធ្វើ ប៉ុនែ្តធ្លាប់ធ្វើការនៅរោងចក្រមួយក្នុងតំបន់ Kansai ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ 2020 ប៉ុន្តែគាត់បានលាឈប់ពីខែឧសភាឆ្នាំនេះ នេះបើយោងតាមបុគ្គលិកភ្នាក់ងារបុគ្គលិកម្នាក់។ ពីមុនគាត់ជាសមាជិកនៃ កងកម្លាំងស្វ័យការពារដែនសមុទ្រប្រហែល 3 ឆ្នាំរហូតដល់ខែសីហា 2005 ៕

ប្រែសម្រួលៈ ណៃ តុលា

To Top