បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ បានប្រតិកម្មយ៉ាងខឹងសម្បារចំពោះការអំពាវនាវដែលបញ្ចេញ ដោយសមាជិកសភាអាមេរិក លោកស្រី Victoria Spartz (R-Ind) ដែលឱ្យ “បង្កើតការត្រួតពិនិត្យត្រឹមត្រូវ” ជុំវិញការផ្តល់អាវុធ និងជំនួយដល់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក Oleg Nikolenko កាលពីថ្ងៃសៅរ៍ថា គំនិតនេះគឺស្មើនឹងការប៉ុនប៉ងដើម្បី “បំផ្លាញ” យន្តការដែលមានស្រាប់នៃការផ្តល់ជំនួយដល់អ៊ុយក្រែន ចំពេលមានជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។
លោក Nikolenko បានកត់សម្គាល់នៅក្នុងការបង្ហោះហ្វេសប៊ុកថា ជំហររបស់លោកស្រី Sparta គឺគួរឱ្យស្អប់ខ្ពើមជាពិសេសដោយសារប្រភពដើមអ៊ុយក្រែននៃសមាជិកសភា។
អ្នកនាំពាក្យរូបនេះបានអះអាងថា “សមាជិកសភាគួរតែបញ្ឈប់ការធ្វើឱ្យខូចដល់យន្តការដែលមានស្រាប់នៃជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន។ ភាគីអ៊ុយក្រែនកំពុងធ្វើអន្តរកម្មជាមួយដៃគូអាមេរិកជាមួយនឹងការបើកចំហជាអតិបរមា ដោយផ្តល់ឱ្យពួកគេនូវព័ត៌មានពេញលេញអំពីការប្រើប្រាស់បច្ចេកវិទ្យា” ដោយអះអាងថា “ការិយាធិបតេយ្យបន្ថែមទៀត” នៃដំណើរការនេះនឹងជួយដល់ទីក្រុងម៉ូស្គូតែប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា