បរទេស៖ អាជ្ញាធរនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការចាកចេញពីតំបន់ភាគខាងត្បូង នៃប្រទេសដែល បច្ចុប្បន្នកំពុងស្ថិត នៅក្រោមការគ្រប់គ្រងរបស់រុស្សី ដោយសារតែអ៊ុយក្រែន កំពុងរៀបចំផែនការ វាយបករុស្សី ធ្វើយ៉ាងណាដណ្តើម ទីតាំងនេះមកកាន់កាប់វិញ។
យោងតាមការបញ្ជាក់ ដោយឧបនាយករដ្ឋមន្ត្រី លោកស្រី Irina Vereshchuk បានបញ្ជាក់ទៀតដែរថាអ៊ុយក្រែន នឹងបើកការវាយប្រហារ ទៅលើទីតាំងនេះក្នុង ពេលឆាប់ៗខាងមុខនេះ ហើយបន្តបែបនេះថា៖ ខ្ញុំមិនទាន់ច្បាស់ទេ ថាពេលណាវានឹងកើតឡើង ក្នុងទំហំប៉ុណ្ណោះ ប៉ុន្តែខ្ញុំច្បាស់ថា តំបន់ភាគខាងត្បូងនោះ គឺជាគោលដៅរបស់យើង។
គួរឲ្យដឹងដែរថានៅមុននេះបន្តិច រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Alexey Reznikov បានថ្លែងប្រាប់ទៅកាន់ អ្នកកាសែត Times Magazine ដែរថាប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានផ្តល់ភ្លើងខៀវរួចទៅហើយ ក្នុងការអនុញ្ញាតិឲ្យ មានប្រតិបត្តិការវាយលុក ទៅលើតំបន់ឆ្នេរភាគខាងត្បូង របស់ប្រទេសឡើងវិញ ខណៈដែលអ៊ុយក្រែន បានកេណ្ឌទ័ពថ្មី ដែលមានកម្លាំងដល់ទៅជាង១លាននាក់ រួចមកហើយ៕
ប្រែសម្រួល៖ស៊ុនលី