កូឡុំបូ៖ ប្រធានសភា របស់ប្រទេស ស្រីលង្កា បានឲ្យដឹងថា មេដឹកនាំគណបក្ស នយោបាយ បានសម្រេចចិត្ត ជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី២០ ខែកក្កដា តាមរយៈការបោះឆ្នោតនៅក្នុងសភា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានសភា Mahinda Yapa Abeywardena បានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំ ជាមួយមេដឹកនាំគណបក្ស នយោបាយទាំងអស់ វាត្រូវបាន សម្រេចចិត្ត បើកសម័យប្រជុំសភានៅថ្ងៃទី១៥ ខែកក្កដា ហើយជូនដំណឹង ដល់សភាថា មានកន្លែងទំនេរសម្រាប់តំណែង ប្រធានាធិបតី ។
អ្នកនាំពាក្យបានឲ្យដឹងទៀតថា ការតែងតាំងប្រធានាធិបតី នឹងត្រូវគេហៅនៅថ្ងៃទី១៩ ខែកក្កដា ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ។
មេដឹកនាំបក្សក៏បានសម្រេចចិត្តបង្កើត រដ្ឋាភិបាលគ្រប់ភាគីក្រោមប្រធានាធិបតីថ្មី និងចាត់វិធានការបន្ត ការផ្គត់ផ្គង់សេវាកម្មសំខាន់ៗ។
ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa កាលពីថ្ងៃសៅរ៍បាននិយាយថា លោកនឹងចុះចេញពីតំណែង នៅថ្ងៃទី១៣ ខែកក្កដា ចំពេលមានអស្ថិរភាព សេដ្ឋកិច្ច និងនយោបាយ ៕
ប្រែសម្រួល ឈូក បូរ៉ា