វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ កំពុងរៀបចំបញ្ជូនយន្តហោះដ្រូន រាប់រយគ្រឿងទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន រួមទាំងមួយចំនួនដែលអាច ប្រើជាអាវុធផងដែរ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ក៏បានចង្អុលបង្ហាញថា អ៊ីរ៉ង់កំពុងរៀបចំបណ្តុះបណ្តាល ទាហានរុស្ស៊ីឱ្យប្រើប្រាស់យន្តហោះដ្រូនទាំងនេះ ឱ្យបានឆាប់បំផុតក្នុងខែកក្កដា នេះបើយោងតាមការឲ្យដឹង ពីទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ។
លោក Sullivan បានលើកឡើងថា “ព័ត៌មានរបស់យើងបង្ហាញថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងរៀបចំ ផ្តល់ឱ្យរុស្ស៊ីនូវ UAVs ជាច្រើនរយគ្រឿង [យន្តហោះគ្មានមនុស្សបើក] រួមទាំង UAVs ដែលមានសមត្ថភាពសព្វាវុធ តាមពេលវេលាកំណត់ដ៏ឆាប់រហ័ស”។
លោកបានបន្ដថា វាមិនច្បាស់នោះទេថា តើអ៊ីរ៉ង់បានផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះដ្រូនទាំងនេះឬអត់។ ការកត់សម្គាល់នេះកើតឡើងមួយថ្ងៃមុនពេល ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ដែលសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងក្លាយជាប្រធានបទសំខាន់ នៃការពិភាក្សារវាងគាត់ និងមេដឹកនាំក្នុងតំបន់ផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា