ព័ត៌មានអន្តរជាតិ

អង្គការ OPEC ព្យាករណ៍ថា កំណើនតម្រូវការប្រេង ពិភពលោក នឹងធ្លាក់ចុះនៅឆ្នាំ២០២៣

វីយែន៖ តម្រូវការប្រេងពិភពលោក ត្រូវបានព្យាករណ៍ថា នឹងកើនឡើងបន្ថែមទៀត នៅឆ្នាំក្រោយ ទោះបីជាក្នុងល្បឿនយឺត ជាងឆ្នាំ២០២២ ក៏ដោយ នេះបើយោងទៅ តាមរបាយការណ៍ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារដោយអង្គការ នៃប្រទេសនាំចេញប្រេង (OPEC)។

OPEC បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ខ្លួនរំពឹងថាតម្រូវការប្រេងពិភពលោក នឹងកើនឡើង ២,៧លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងឆ្នាំ២០២៣ ខណៈដែលការព្យាករណ៍កំណើន តម្រូវការនៅឆ្នាំនេះ នៅតែមិនផ្លាស់ប្តូរនៅ ៣,៤លានបារ៉ែលក្នុងមួយថ្ងៃ។

សម្ព័ន្ធប្រេងបានឲ្យដឹងថា ការព្យាករណ៍កំណើនតម្រូវការឆ្នាំ២០២៣ គឺផ្អែកលើការទប់ស្កាត់កាន់តែប្រសើរឡើង នៃជំងឺរាតត្បាតកូវីដ-១៩ និងការរំពឹងទុកកំណើន សេដ្ឋកិច្ចពិភពលោកយ៉ាងរឹងមាំ ។

ទោះជាយ៉ាងណាក៏ដោយ OPEC បានកត់សម្គាល់ថា ហានិភ័យធ្លាក់ចុះនៅតែមានសម្រាប់តម្រូវការប្រេង រួមទាំងបញ្ហាប្រឈមទាក់ទង នឹងជំងឺរាតត្បាត និងភាពមិនច្បាស់លាស់ នៃភូមិសាស្ត្រនយោបាយ។

OPEC បានឲ្យដឹងនៅក្នុងរបាយការណ៍ថា ខ្លួនព្យាករណ៍ថាផលិតផលក្នុងស្រុក សរុបរបស់ពិភពលោកនឹងកើនឡើង ៣,២ ភាគរយនៅឆ្នាំ២០២៣ ដោយសន្មតថា “ជំងឺរាតត្បាត ការអភិវឌ្ឍន៍ភូមិសាស្ត្រ នយោបាយនៅអឺរ៉ុប ខាងកើត និងការរឹតបន្តឹងហិរញ្ញវត្ថុ ពិភពលោកចំពេលអតិផរណាកើនឡើង មិនប៉ះពាល់អវិជ្ជមានដល់កំណើន ឆ្នាំ២០២៣ ដល់កម្រិតធំមួយនោះទេ “៕
ប្រែសម្រួល ឈូក បូរ៉ា

To Top