ព័ត៌មានអន្តរជាតិ

Europol៖ ការស៊ើបអង្កេតរបង្ហាញថា អាវុធត្រូវបានជួញដូរចេញពីអ៊ុយក្រែន និងចូលទៅក្នុងសហភាពអឺរ៉ុប ដើម្បីផ្គត់ផ្គង់ក្រុមឧក្រិដ្ឋជន

បរទេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថា ការព្រួយបារម្ភកំពុងកើនឡើងក្នុងចំណោមសមាជិកណាតូ និងសហភាពអឺរ៉ុប អំពីវិធីដែលអ៊ុយក្រែនដោះស្រាយអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច។ កាសែតបានសរសេរថា បណ្តាប្រទេសលោកខាងលិចឥឡូវនេះកំពុងស្វែងរកការបង្កើតយន្តការតាមដានពិសេសមួយ ដើម្បីព្យាយាម និងទប់ស្កាត់អាវុធទាំងនេះពីការធ្លាក់ចូលក្នុងទីផ្សារងងឹតរបស់អឺរ៉ុប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន គឺ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប និងកន្លែងផ្សេងទៀតបានសន្យាផ្តល់ជំនួយយោធាជាង ១០ ពាន់លានដុល្លារដល់ទីក្រុងគៀវ។ ការនាំចេញនោះរួមមានអាវុធធុនតូចជាច្រើន ព្រមទាំងកាំជ្រួចប្រឆាំងរថក្រោះចល័ត និងកាំជ្រួចប្រឆាំងអាកាស។

សព្វាវុធទាំងអស់នេះបានទៅដល់ភាគខាងត្បូងប្រទេសប៉ូឡូញ ដឹកជញ្ជូនទៅកាន់ព្រំដែន ហើយបន្ទាប់មកត្រូវបានបែងចែកទៅតាមយានជំនិះដើម្បីឆ្លងកាត់ ដោយរួមមាន ឡានដឹកទំនិញ ឡានធំ ជួនកាលរថយន្តឯកជន។

យោងតាម Europol ដែលជាទីភ្នាក់ងារអនុវត្តច្បាប់របស់សហភាពអឺរ៉ុប គឺអាវុធមួយចំនួនប្រហែលជាបានចាកចេញពីអ៊ុយក្រែនរួចហើយ ហើយបានរកឃើញផ្លូវរបស់ពួកគេត្រឡប់ទៅអឺរ៉ុបវិញ។ កាលពីខែមេសា, Europol បានព្រមានថាការស៊ើបអង្កេតរបស់ខ្លួនបានបង្ហាញថា អាវុធត្រូវបានជួញដូរចេញពីអ៊ុយក្រែននិងចូលទៅក្នុងសហភាពអឺរ៉ុបដើម្បីផ្គត់ផ្គង់ក្រុមឧក្រិដ្ឋជនដែលបានរៀបចំ។ ទីភ្នាក់ងារនេះបាននិយាយនៅពេលនោះថា ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន “បានបណ្តាលឱ្យមានការរីករាលដាលនៃអាវុធ និងគ្រឿងផ្ទុះជាច្រើននៅក្នុងប្រទេស” ៕ប្រែសម្រួលៈ ណៃ តុលា

To Top