ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់សង្ឃឹមថា ការផ្គត់ផ្គង់ឧស្ម័ន របស់រុស្ស៊ីនឹងបន្តឡើងវិញ, បើសិនមិនអាច គឺអាល្លឺម៉ង់ កាត់បន្ថយការប្រើប្រាស់

បរទេស៖ លោក Robert Habeck រដ្ឋមន្ត្រីសេដ្ឋកិច្ច និងជាអនុអធិការបតីអាល្លឺម៉ង់ បាននិយាយថា លោកសង្ឃឹមសម្រាប់ការបន្តការចែកចាយឧស្ម័នធម្មជាតិរបស់រុស្ស៊ីតាមរយៈបំពង់ Nord Stream ឡើងវិញ បន្ទាប់ពីការថែទាំប្រចាំឆ្នាំរយៈពេល 10 ថ្ងៃត្រូវបានបញ្ចប់។

យោងតាមសារព័ត៌មាន RT ចេញផ្សយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Habeck បានប្រាប់ទូរទស្សន៍ ARD ដែលបកប្រែដោយ TASS ថា “ខ្ញុំមិនមានព័ត៌មានសម្ងាត់ទាក់ទងនឹងសេណារីយ៉ូទីមួយ ឬទីពីរទេ” តែ “លទ្ធភាពមាន។”

យោងតាមលោករដ្ឋមន្ត្រី គឺមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងប្រទេសអាល្លឺម៉ង់ ជុំវិញបញ្ហាកង្វះឧស្ម័ននៅក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងាខាងមុខនេះ នៅតែមាននៅឡើយ។

លោកបានបន្តថា «ប្រសិនបើមិនអាចទទួលបានឧស្ម័នបន្ថែមទៀតនៅលើទីផ្សារទេ យើងគ្រាន់តែត្រូវកាត់បន្ថយការប្រើប្រាស់របស់យើងឲ្យបានច្រើនជាងនេះ»។

សូមជម្រាបថា កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានផ្អាកប្រតិបត្តិការបំពង់បង្ហូរឧស្ម័ន តាមរយៈបំពង់ Nord Stream 1 ដោយសារតែការថែទាំប្រចាំឆ្នាំដែលបានគ្រោងទុក ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី 21 ខែកក្កដា។ នៅពាក់កណ្តាលខែមិថុនា លំហូរឧស្ម័នតាមបំពង់ធំត្រូវបានកាត់បន្ថយមកត្រឹម 40 % នៃសមត្ថភាពរបស់វាដោយសារតែបញ្ហាប្រឈមនៃប្រតិបត្តិការដែលបណ្តាលមកពីការបរាជ័យក្នុងការប្រគល់សេវាទួរប៊ីនឱ្យទាន់ពេលវេលាពីប្រទេសកាណាដា ដោយសារតែការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា

To Top