ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស្រីលង្កា ចាកចេញពីប្រទេសហើយ ប៉ុន្តែការប្រកួតប្រជែងសង្គ្រោះ សេដ្ឋកិច្ច ត្រូវបានគេរំពឹងថា នឹងមានភាពតានតឹង

កូឡុំបូ៖ ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ស្ថានភាពអាសន្នត្រូវបាន ប្រកាសនៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីលោក Gotabaya Rajapaksa បានចាកចេញទៅកាន់ប្រទេសម៉ាល់ឌីវ ចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបានបង្កឱ្យមានការតវ៉ាយ៉ាងធ្ងន់ធ្ងរ។

ការិយាល័យបានឲ្យដឹងថា ប៉ូលីសបានដាក់បម្រាមគោចរ នៅក្នុងខេត្តភាគខាងលិច រួមទាំងរដ្ឋធានីកូឡុំបូ ផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រព័ន្ធផ្សព្វផ្សាយប្រទេសម៉ាល់ឌីវ បានរាយការណ៍ថា យន្តហោះយោធាមួយគ្រឿងដឹកលោក Rajapaksa បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Velana នៅម៉ោងប្រហែល ៣ ទៀបភ្លឺ ម៉ោងក្នុងស្រុកថ្ងៃពុធ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីស្រីលង្កា បានចាកចេញជាច្រើនម៉ោង មុនពេលលាលែងពីតំណែង ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាស។ ប្រទេសស្រីលង្កា បានជួបបញ្ហាដោយការខ្វះខាតប្រេងឥន្ធនៈ ថ្នាំពេទ្យ អាហារ ឧស្ម័ន និងសម្ភារៈ ចាំបាច់ដទៃទៀត នៅឆ្នាំនេះ ដោយតម្លៃស្បៀងអាហារ បានកើនឡើងខ្ពស់ និងអតិផរណាឡើងដល់ កម្រិតខ្ពស់បំផុត ។

នាយករដ្ឋមន្ត្រី Ranil Wickremesinghe បានឲ្យដឹងកាលពីថ្ងៃទី៥ ខែកក្កដាថា ប្រទេសនេះ “ក្ស័យធន” ហើយថាវិបត្តិសេដ្ឋកិច្ចដែលកំពុងបន្ត គឺជាអ្វីដែលមិនអាចដោះស្រាយ បានក្នុងរយៈពេលដ៏ខ្លីបាននោះឡើយ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top