ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា គោលនយោបាយមជ្ឈិមបូព៌ា របស់អាមេរិក ផ្ទុយនឹងការ ទាមទារសន្តិភាពរបស់ខ្លួន

តេអេរ៉ង់៖ អ៊ីរ៉ង់ កាលពីថ្ងៃពុធបាន ស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះភាពផ្ទុយគ្នារវាងការកត់សម្គាល់ និងអាកប្បកិរិយា ចំពោះតំបន់មជ្ឈិមបូព៌ា ដោយថា ខណៈពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងថាការបង្កើតសន្តិភាព គឺស្ថិតក្នុងចំណោមគោលបំណងនៃ ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់នោះ គោលនយោបាយការបរទេស របស់ទីក្រុងវ៉ាស៊ីនតោន បង្ហាញពីអ្វីផ្សេងទៀត។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងប្រតិកម្មទៅនឹងការអត្ថាធិប្បាយ របស់លោក បៃដិន អំពីដំណើរទស្សនៈកិច្ចរបស់ លោកទៅកាន់តំបន់នេះ នៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ដោយ Washington Post ។

លោក បៃដិន បានអះអាង ថា ក្នុង ចំណោម គោល បំណង របស់ លោក សម្រាប់ ដំណើរ ទស្សនកិច្ច នេះ គឺ “រួម ចំណែក ដល់ ការ បង្កើត សន្តិភាព ក្នុង តំបន់” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Kanaani បានលើកឡើងថា វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលមន្ត្រីសហរដ្ឋអាមេរិក “គិតខុស” ថាពួកគេអាចបង្ហាញអំពី ភាពត្រឹមត្រូវនៃផលវិបាកនៃ “ការបំផ្លិចបំផ្លាញ” របស់ពួកគេនៅក្នុងតំបន់ ដោយការសរសេរផ្នែកគំនិតបែបនេះ ។

លោកបានសង្កត់ធ្ងន់ថា ការក្រឡេកមើលគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក បង្ហាញពីភាពផ្ទុយគ្នារវាងសកម្មភាព និងពាក្យសម្តីរបស់ទីក្រុងវ៉ាស៊ីនតោន ដោយបន្ថែមវត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងបណ្តាប្រទេសក្នុងតំបន់ រួមទាំងអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងស៊ីរី គឺជារឿងខុសច្បាប់ និងបានធ្វើឱ្យមានការខាតបង់ជាច្រើន ដល់ប្រជាជនរបស់ពួកគេ។

លោក Kanaani បានកត់សម្គាល់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនអាចចាត់ទុកខ្លួនឯងថាជា “មិត្តរបស់តំបន់ឡើយ” ដោយគ្រាន់តែសរសេរមតិយោបល់មួយ ដោយអំពាវនាវឱ្យរដ្ឋបាលសហរដ្ឋអាមេរិកដឹងថា ការទទួលយកគោលនយោបាយហឹង្សា ចំពោះតំបន់នឹងបង្កឱ្យមានប្រតិកម្ម ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top