ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ជាថ្មីថា នឹងរក្សាការប្តេជ្ញាចិត្ត ចំពោះការចរចា នុយក្លេអ៊ែរ

" "

តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ជំហររបស់សាធារណរដ្ឋអ៊ីស្លាម ចំពោះកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ គឺច្បាស់ណាស់ហើយទីក្រុងតេអេរ៉ង់ នឹងនៅតែប្តេជ្ញាចិត្ត ចំពោះដំណើរការចរចា សម្រាប់ការដោះស្រាយ ភាពខុសគ្នា។

លោក Nasser Kanaani បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងប្រតិកម្មទៅនឹងការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna កាលពីថ្ងៃអង្គារ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA ។

" "

លោកស្រី Colonna បានព្រមានថា នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ មុនពេលការបិទទ្វារ នៃឱកាស ដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដោយចោទប្រកាន់អ៊ីរ៉ង់ថា បានប្រើយុទ្ធសាស្ត្រ ពន្យារពេល និងត្រឡប់ទៅទីតាំង ដែលបានព្រមព្រៀង ពីមុនក្នុងអំឡុងពេល កិច្ចពិភាក្សានៅទីក្រុងដូហា កាលពីដើមខែនេះ ខណៈដែលកំពុងបន្តទៅមុខ ជាមួយនឹងកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម របស់ខ្លួន។

" "

នៅក្នុងនោះដែរ លោក Kanaani បានលើកឡើងថា ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងតេអេរ៉ង់ នោះ “បង្អួចនៃការទូតនឹងមិន នៅតែបើកចំហរហូត ដល់ពេលនេះ” ដោយបន្ថែមថា វាគឺជាសហរដ្ឋអាមេរិក ដែលបានដកខ្លួន ចេញពីកិច្ចព្រមព្រៀង និងបដិសេធមិនអនុវត្ត កាតព្វកិច្ចរបស់ខ្លួន ។

ការចរចានុយក្លេអ៊ែរ កំពុងបន្តតាមរយៈការផ្លាស់ប្តូរសារប្រយោល ឬកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងប្រធានគោលនយោបាយ ការបរទេសរបស់សហភាព អឺរ៉ុបលោក Josep Borrell ក៏ដូចជាតំណាង របស់ពួកគេ Ali Bagheri Kani និង Enrique Mora លោកបានកត់សម្គាល់ ដោយបន្ថែមថាកាលបរិច្ឆេទ និងទីកន្លែង សម្រាប់ជុំថ្មីនៃការចរចា នឹងត្រូវបានកំណត់ក្នុង ពេលឆាប់ៗនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top