កូឡុំបូ ៖ ប្រធានាធិបតីស្តីទី របស់ប្រទេសស្រីលង្កា Ranil Wickremesinghe បានឲ្យដឹងថា គណៈកម្មាធិការមួយរួម មានប្រធានបុគ្គលិកការពារជាតិ មេបញ្ជាការយោធា និងអគ្គអធិការនគរបាល ត្រូវបានតែងតាំង ដើម្បីគ្រប់គ្រង ស្ថានការណ៍ ក្នុងប្រទេស បន្ទាប់ពីក្រុមបាតុករ ចូលកាន់កាប់ការិយាល័យ នាយករដ្ឋមន្ត្រី ។
នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ នាយករដ្ឋមន្ត្រី Wickremesinghe ដែលត្រូវបានតែងតាំង ជាប្រធានាធិបតីស្តីទី ដោយប្រធានាធិបតីលោក Gotabaya Rajapaksa បានលើកឡើងថា គណៈកម្មាធិការ ក៏ត្រូវបានណែនាំផងដែរ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលការតវ៉ា ដែលកំពុងបន្ត។
ក្រុមអ្នកតវ៉ា បានឡោមព័ទ្ធការិយាល័យនាយករដ្ឋមន្ត្រីនៅទីក្រុងកូឡុំបូ កាលពីថ្ងៃពុធដោយអំពាវនាវ ឱ្យមានការលាលែង ពីតំណែងរបស់លោក Rajapaksa និងលោក Wickremesinghe នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Rajapaksa ដែលបានចាកចេញទៅកាន់ប្រទេសម៉ាល់ឌីវ កាលពីព្រឹកថ្ងៃពុធ ត្រូវបានគេរំពឹងថា នឹងប្រគល់ការលាលែង ពីតំណែងប្រធានាធិបតី នៅពេលក្រោយក្នុងថ្ងៃ ចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ។
លោក Wickremesinghe ក្នុងនាមជាប្រធានាធិបតីស្តីទី កាលពីថ្ងៃពុធ បានប្រកាសដាក់រដ្ឋ ក្នុងភាពអាសន្នទូទាំងប្រទេស និងបម្រាមគោចរនៅក្នុង ខេត្តភាគខាងលិច រួមទាំងនៅរដ្ឋធានីកូឡុំបូផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា