ប្រជាជាតិនីមួយៗតែងចងចាំនូវប្រវត្តិសាស្រ្តរបស់ប្រជាជាតិខ្លួន ព្រោះយល់ថាមានតែបែបនេះទេទើបប្រជាជាតិរបស់ខ្លួនអាចបើកបង្កើតឲ្យមានជាយុគសម័យអនាគតមួយកាន់តែល្អបវរបាន។ ចិនគឺជាប្រជាជាតិមួយដែលមានវប្បធម៌ដ៏ចំណាស់នៅក្នុងពិភពលោក ហើយប្រទេសចិននាពេលបច្ចុប្បន្នដែលដឹកនាំដោយបក្សកុម្មុយនិស្តចិនមានអាយុកាលជាង៧០ឆ្នាំមកហើយ ក្នុងពេលដែលបក្សកុម្មុយនិស្តចិនមានអាយុកាលជាង១០០ឆ្នាំ ខ្ញុំក៏សូមយក ឱកាសនេះជូនពរខួបនៃថ្ងៃបង្កើតបក្សកុម្មុយនិស្តចិនផងដែរ។ បញ្ញត្តិប្រទេសនៅក្នុងភាសាចិនមានន័យថាជាមហាគ្រួសារ ហើយប្រជាជាតិចិនតែងតែឱ្យតម្លៃចំពោះគ្រួសារ។ ដូចពាក្យបុរាណបានពោលថា «នៅក្រោមមេឃយើងនេះ គ្រួសារពិតជាមានសារៈសំខាន់ណាស់»។ ទន្ទឹមនឹងកំណែទម្រង់ និងការបើកចំហជាបន្តបន្ទាប់ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបន្ថែមទៀត កម្រិតជីវភាពរបស់ប្រជាជនចិនក៏បានលើកតម្កើងឡើង ការផ្លាស់ប្តូរថ្មីក៏បានកើតឡើងនៅក្នុងរចនាសម្ព័ន្ធគ្រួសារ និងរបៀបរស់នៅរបស់ប្រជាជននៅទូទាំងប្រទេសផងដែរ។
ខុងជឺបានបញ្ជាក់ថា “ដើម្បីគ្រប់គ្រងរដ្ឋឱ្យបានត្រឹមត្រូវ វាជាការចាំបាច់ក្នុងការគ្រប់គ្រងក្រុមគ្រួសារជាមុនសិន” ដែលនេះជាការបញ្ជាក់យ៉ាងច្បាស់ពីគុណតម្លៃស្នូលនៃការអភិវឌ្ឍប្រទេសចិនដែលជំរុញនិងលើកទឹកចិត្តដល់យុវជនបន្តវេនក្នុងការបង្កើន សមិទ្ធផលរបស់ប្រទេសជាតិស្របតាមនិន្នាការនៃវិទ្យាសាស្រ្តបច្ចេកវិទ្យា។
ដើម្បីប្រែក្លាយប្រទេសចិនទៅជាចិនឌីជីថល យុវជនចិនដែលបានរួមកម្លាំងគ្នាជាមួយប្រជាជាតិនានាក្នុងពិភពលោកកំពុងបញ្ចូលខ្លួនទៅក្នុងល្បឿននៃចរន្តពន្លឿនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ស្របនឹងទស្សនៈរបស់ម៉េងជឺ ដែលបានពោលថា «វាជាជម្រើសឆ្លាតជាងក្នុងការប្រើប្រាស់ស្ថានភាពដែលអំណោយផលជាជាងការពឹងផ្អែកតែមួយផ្នែកលើប្រាជ្ញារបស់មនុស្សម្នាក់»។ បទពិសោធន៍ប្រវត្តិសាស្រ្តបានបង្ហាញថា បណ្តាប្រទេសដែលបានធ្វើទំនើបកម្មដោយការយកបដិវត្តន៍បែបវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមកប្រើប្រាស់ឲ្យល្អបំផុត គឺសុទ្ធតែមានយុវជនដែលមានមូលដ្ឋានដ៏រឹងមាំខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយប្រទេសដែលបានក្លាយជាអ្នកដែលសកម្មនៅក្នុងការអភិវឌ្ឍពិភពលោកតាមរយៈការទាញយកផលប្រយោជន៍នៃការធ្វើបដិវត្តន៍សុទ្ធសឹងតែមានបច្ចេកវិទ្យាទំនើបនៅក្នុងវិស័យគន្លឹះទៀតផង។ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាឆ្លើយតបទៅនឹងតម្រូវការរបស់ពេលវេលា ហើយមានឥទ្ធិពលជាសកល។ នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ បដិវត្តវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាថ្មីកំពុងតែទទួលបាន សន្ទុះ។ យុវជនចិនបាននិងចែករំលែកបច្ចេកវិទ្យាព័ត៌មានវិទ្យាជំនាន់ថ្មីតាមរយៈបច្ចេកវិទ្យាRobot និងបច្ចេកវិទ្យាវ័យឆ្លាត ដោយពង្រឹងខ្សែសង្វាក់នៃនវានុវត្តភាពកាន់តែមានភាពបត់បែនជាងមុន។ យុវជនចិនបានធំធាត់និងរីកលូតលាស់ក្នុងសួនវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ហើយបានជំរុញល្បឿនកាន់តែមានភាពងាយស្រួលក្នុងការធ្វើឲ្យវិស័យបច្ចេកវិទ្យារបស់ចិនកាន់តែមានភាពប្រសើរឡើង ដែលជាពិសេសស្តែងឡើងតាមរយៈការធ្វើពាណិជ្ជកម្មទៅលើភាពជឿនលឿនផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ហើយការធ្វើឲ្យប្រសើរឡើងផ្នែកឧស្សាហកម្មកំពុងបង្កើនល្បឿន ការផ្លាស់ប្តូរ ផលិតកម្ម និងការប្រើប្រាស់ដែលផ្អែកលើឧស្សាហូបនីយកម្មទៅជាវិស័យអូតូម៉ាទិក និងឆ្លាតវៃ ហើយឆ្ពោះទៅរកជំហានមួយទៀតនៅក្នុងកម្លាំងផលិតកម្ម និងផលិតភាព។ សៀវភៅស«យុវជនចិនក្នុងយុគសម័យថ្មី» ដែលបានចេញផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដោយការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបង្ហាញថា យុវជនចិនក្នុងយុគសម័យថ្មីបានរួមចំណែកក្នុងចរន្តនៃគំនិតផ្តួចផ្តើមអភិវឌ្ឍសកល សន្តិសុខសកល និងមានអាកប្បកិរិយាកាន់តែបើកទូលាយនិងទំនុកចិត្តកាន់តែខ្លាំង ជាមួយយុវជនបណ្តាប្រទេសជំរុញពិភពលោកក្នុងការសម្រេចបាននូវការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិដោយផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិរួមមានសន្តិភាព វឌ្ឍនភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាពបានពួតដៃគ្នាដើម្បីបង្កើតអនាគតល្អបវរសម្រាប់មនុស្សជាតិ។
ដើម្បីបង្កើនបរិមាណនិងគុណភាពអ្នកវិទ្យាសាស្រ្ត គ្រួសារនីមួយៗក្នុងប្រទេសចិនបានខិតខំវិនិយោគលើការអប់រំស្របតាមគន្លងនិងចាប់យកពេលវេលាក្នុងការបណ្តុះបណ្តាលកូនចៅរបស់ខ្លួន។ ស្ថិតក្នុងស្មារតីឆ្លើយតបភ្លាម និងអនុវត្តយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសជាតិដែលមានបក្សកុម្មុយនិស្តចិនជាស្នូល យុវជនចិនបានស្វែងរកការអភិវឌ្ឍដែលជួយឲ្យចិនឆ្លងផុតឧបសគ្គនៅក្នុងវិស័យសំខាន់ៗ ឬសូម្បីតែគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ការអភិវឌ្ឍសកល សន្តិសុខសកល និងកាលានុវត្តភាពក្នុងការចាប់យកគំនិតផ្តួចផ្តើមនានាក្នុងការប្រកួតប្រជែងថ្មីមួយជាសាកលលោក។ ទាំងនេះមិនអាចកាត់ផ្តាច់ពីចំនួនដ៏ច្រើនបំផុតក្នុងពិភពលោកនៃអ្នកវិទ្យាសាស្ត្រ និងវិស្វករចិន។ វិបត្តិនៃជំងឺកូវីដ១៩ជាឧទាហរណ៍បញ្ជាក់យ៉ាងច្បាស់នូវសមត្ថភាពនេះវេជ្ជសាស្រ្តរបស់ចិនក្នុងការជួយសង្គ្រោះមនុស្សជាតិតាមរយៈវ៉ាក់សាំង តេស្តរហ័ស និងថ្នាំព្យាបាលជាដើម ដោយនេះមិនទាន់រាប់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សំណង់អគារនានារាប់មិនអស់ទាំងនៅក្នុងប្រទេសចិន និងទាំងនៅតាមបណ្តាប្រទេសនានាក្នុងពិភពលោកដែលត្រូវបានរចនាដោយស្ថាបត្យករ វិស្វករ អ្នកវិទ្យាសាស្រ្ត អ្នកបច្ចេកទេសចិនដែលប្រើប្រាស់នូវនវានុវត្តន៍បច្ចេកវិទ្យារបស់ចិន។ ផ្លូវល្បឿនលឿននៅកម្ពុជា ផ្លូវរថភ្លើងល្បឿនលឿននៅឡាវ ផ្លូវរថភ្លើងល្បឿនលឿននៅកេនយ៉ាជាឧទាហរណ៍បន្ថែមស្តីពីសមត្ថភាពដ៏អស្ចារ្យនៃអ្នកវិទ្យាសាស្ត្របន្តវេនរបស់ចិន។ ពិភពលោកចងចាំមិនភ្លេចពីបច្ចេកវិទ្យាព្រះអាទិត្យសប្បនិម្មិតដែលបានបង្កើតឡើងដោយអ្នកវិទ្យាសាស្រ្តចិន ហើយជាលើកដំបូងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិដែលបង្កើតបាននូវថេរវេលាដ៏វែងនៃឋាមពលកម្តៅ ដោយមិនរាប់បញ្ចូលនូវល្បឿនដ៏លឿនដាច់គេរបស់quantum computerដែលផលិតដោយអ្នកវិទ្យាសាស្ត្រចិន និងសមត្ថភាពដ៏ល្អប្រពៃនៃអាវកាសយានិកចិនដែលកំពុងបំពេញបេសកកម្មនៅស្ថានីយTiangongរបស់ប្រទេសចិននៅលំហអាវកាស។
ជារួម យុវជនចិនជាប់ចំណាត់ថ្នាក់ក្នុងចំណោមយុវជននៃបណ្តាប្រទេសជឿនលឿននៅផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយនវានុវត្តភាពកំពុងតែដើរតួនាទីកាន់តែខ្លាំងឡើងក្នុងការគាំទ្រ និងដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួនស្របតាមមាគ៌ាចក្ខុវិស័យឆ្ពោះទៅរកសង្គមដែលមានវិបុលភាពសមរម្យ ដោយខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គក្នុងការដណ្តើមយកជ័យជម្នះនៃសង្គមនិយមតាមបែបផែនចិន និងសម្រេចក្តីសុបិនចិនដែលស្តារ ភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន។ ក្រុមគ្រួសារដែលទទួលបានការបណ្តុះបណ្តាលអ្នកបន្តវេនចិននាថ្ងៃនេះកំពុងបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងជាងមុនដើម្បីប្រមូលផ្ដុំគ្រួសារចិនទាំងអស់ឱ្យខិតខំរួមគ្នាដើម្បីបង្កើនកំណើនលូតលាស់ប្រកបដោយសុខភាពល្អនៃមនុស្សជំនាន់ក្រោយ ការធានាចំពោះការអភិវឌ្ឍចិនឌីជីថល និងលើកកម្ពស់កម្រិតអរិយធម៌សង្គមចិន និងពិភពលោកទាំងមូល៕
ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។